(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវនៅដើមរដូវវស្សា ក្នុងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល៩០% ប៉ុន្តែក្នុងនោះមានដំណាំ ស្រូវប្រជាពលរដ្ឋ តាមកណ្ដាលស្រុកចំនួន៤ ជួបប្រទះភាពរាំងស្ងួត ធ្វើឱ្យប៉ះពាល់ដំណាំស្រូវជាង២,០០០ហិកតា។
ការបញ្ជាក់បែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ថ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងក្នុងឱកាសនោះថា «ការងារបង្កបង្កើនផល នៅដើមរដូវវស្សា ប្រជាពលរដ្ឋរបានខិតខំប្រឹងប្រែងលើការបង្កបង្កើនផលដែលគិតមកដល់ត្រឹមល្ងាចមិញឃើញថា ការងារបង្កបង្កើនផលបាន ៩០ភាគរយហើយ ប៉ុន្តែទន្ទឹមនិងការងារបង្កបង្កើនផលកំពុងតែមានភាពមមាញឹក ប្រជាពលរដ្ឋយើងក៏បានជួបប្រទះភាពរាំងស្ងួត នៅតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកបាធាយ ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកស្ទឹងត្រង់ ដែលធ្វើឱ្យប៉ះពាល់ដល់ស្រែរបស់បងប្អូនចំនួនប្រមាណ ២,៦០០ហិកតា ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ក្នុងកម្រិតរាយប៉ាយ ដូច្នេះ អាចសង្គ្រោះបាននូវស្រែប្រជាពលរដ្ឋបានខ្លះ នៅសេសសល់រង្វង់ប្រមាណ ១,៦០០ហិកតាទៀត ដែលកំពុងតែអនុវត្តន៍»។
លោក អ៊ុន ចាន់ដា បានបន្តថា បច្ចុប្បន្ន គិតពីប្រភពទឹក ដើម្បីផ្តល់ជួយបំពេញស្រែរបស់គាត់ប្រសិនបើភ្លៀងបន្តធ្លាក់ដល់កន្លែងដែលមានបញ្ហានោះ និងមានសង្ឃឹមច្រើន ដូច្នេះ អាចមិនពិបាកក្នុងការផ្តល់ពូជស្រូវ ដើម្បីឱ្យគាត់បង្កបង្កើនផលនោះទេ។ ហើយបច្ចុប្បន្នកំពុងតាមដានស្ថានភាពទឹកភ្លៀង តាមរយៈការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមថាលុះនឹងមានជាបន្តបន្ទាប់ ហើយភ្លៀងរវាអាចបន្តធ្លាក់ពីកម្រិតបង្ហូរទៅខ្លាំង ។
ចំពោះបញ្ហាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោកអភិបាលខេត្តបានឱ្យដឹងផងដែរថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងស្ថានការនៃជំងឺកូវីដ១៩នេះ គិតមកដល់ត្រឹមថ្ងៃទី០៩ ខែសីហា ម្សិលមីញ ឃើញថាអ្នកជំងឺសរុបនៅក្នុងខេត្តមានចំនួន ២,៥០៥នាក់ ក្នុងនោះក៏មានជាអ្នកសះស្បើយក្នុងរង្វង់ចំនួន ១,៧៨៣នាក់ និងអ្នកស្លាប់មានចំនួន ៣៦នាក់។ រីឯអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៨៦នាក់ នេះជាស្ថានភាពមួយដែលបានវិវឌ្ឍន៍ ទៅក្នុងកម្រិតមួយធ្ងន់ ដោយសារមានអ្នកស្លាប់ច្រើន។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការចុងក្រោយមួយទៀត ដើម្បីរក្សានូវលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ ដែលប៉ះពាល់ជំងឺកូវីដ១៩ ដែលក្នុងនោះ ក៏បានជំរុញ នៃការផ្តល់ជូនអំណោយ តាមរយៈសប្បុរសជននានា ដែលផ្តល់ជូនប្រជាពលរដ្ឋ ដែលខ្វះខាតគិតមកដល់ពេលនេះប្រហែលជា៣,០០០គ្រួសារ ដែលរដ្ឋបាលខេត្តបានផ្តល់អំណោយជូនពួកគាត់ តាមរយៈសមាគមន៍សាសនាព្រះយេស៊ូគ្រឹស ព្រមទាំងសប្បរុសជនផ្សេងៗទៀត ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋាន ភូមិ/ឃុំ/ស្រុក/ក្រុង បានចូលរួមផងដែរ៕