(ភ្នំពេញ)៖ បន្ទាប់ពីត្រូវប្ដីជះទឹកអាស៊ីតដាក់បណ្ដាលឲ្យរងរបួសធ្ងន់ខូចសម្រស់ និងបាត់បង់ការងារ បានធ្វើឲ្យស្រ្តីជាសន្តិសុខម្នាក់រស់នៅយ៉ាងវេទនាអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ។ គាត់មានជីវភាពខ្វះមុខ ខ្វះក្រោយ និងតែដង្ហោយហៅសុំឲ្យអាជ្ញាធរ និងសប្បុរសជនជួយរូបគាត់ជាបន្តបន្ទាប់ដែរ ប៉ុន្តែហាក់ពុំមាននរណាអើពើជួយដល់រូបគាត់ឡើយ។

គាត់គ្មានផ្ទះសម្បែង និងដីធ្លី ព្រោះតែប្ដីបំផ្លាញអស់គ្មានសល់មុននឹងជះទឹកអាស៊ីតដាក់បណ្តាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ។ មួយរយៈក្រោយពេលរងគ្រោះនេះ គាត់បានទៅសុំផ្ទះបងប្អូន និងដន្លងដើម្បីស្នាក់នៅបណ្ដោះអាសន្ន តែពេលថ្មីៗនេះ គាត់បានចាកចេញពីផ្ទះបងប្អូន និងផ្ទះដន្លង មកស្នាក់នៅផ្ទះជួលមួយកន្លែងវិញហើយ បន្ទាប់ពីរកបានការងារជាសន្តិសុខយាមរោងចក្រកាត់ដេរមួយកន្លែង ធ្វើទាំងខ្លួនឈឺមុខរបួសនៅឡើយ។

ស្រ្តីអភ័ព្វខាងលើឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ ស្នាក់នៅបន្ទប់ជួលនាភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយសារតែមានការអាណិតអាសូរដល់រូបគាត់ ទោះបីជាដឹងថា គាត់នៅពុំទាន់ ជាពីរបួសដោយទឹកអាស៊ីតក្ដី ក៏ក្រុមហ៊ុនសន្តិសុខឯកជនទទួលយកគាត់ឲ្យចូលធ្វើការ ដើម្បីបានប្រាក់សម្រាប់ចាយវាយចិញ្ចឹមជីវិត និងព្យាបាលរបួស។ ចំណែកឯប្ដីកំណាចរបស់គាត់ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មានវ័យក្មេងជាងគាត់រហូត៧ឆ្នាំ មុខរបររត់ម៉ូតូឌុប គឺជាប្ដីទី២របស់គាត់។

អ្នកស្រី លី រ៉ានី បាននិយាយថា អ្នកស្រីមានប្ដីទី១មានកូន៤នាក់ ប៉ុន្តែរស់ពុំចុះសម្រុងនិងគ្នា ក៏ឈានដល់ការលែងលះគ្នា ហើយកូនទី១មានគ្រួសារទៅរស់នៅឯស្រុកល្វាឯម ខេត្តកណ្ដាល កូនទី២ ទៅធ្វើការអណ្ដូងរ៉ែនៅតាមខេត្ត ហើយក៏បាត់ដំណឹងសូន្យឈឹងអត់ដឹងថាស្លាប់ ឬរស់ឡើយ។ កូនទី៣ធ្វើការរោងចក្រ តែស្នាក់នៅដាច់ដោយឡែក និងកូនទី៤ស្នាក់នៅខាងប្ដីមុន ចំណែកកូនទី៥ជាមួយប្ដីក្រោយនេះស្នាក់នៅជាមួយជីដូន។

ក្រោយមកក៏បានជួបប្ដីទី២ ដែលជាជនកំណាចនេះ ហើយក្រោយពេលរៀបការរួចបង្កើតបានកូនស្រីម្នាក់ ដែលពេលនេះមានអាយុ១៤ឆ្នាំហើយ។ ប្ដីទី២នេះពុំដែលបានផ្ដល់នូវសុភមង្គលជូនគាត់ឡើយ ហើយងប់ងល់និងល្បែងស៊ីសងបំផ្លាញអស់ទ្រព្យសម្បត្តិ លុយកាក់ដែលខំរក ព្រមទាំងអស់ផ្ទះសម្បែង និងដីធ្លី រហូតគ្មានទីជម្រកក៏បាននាំគ្នាមកស្នាក់នៅផ្ទះជួល។

ស្រ្តីកំសត់រូបនេះ បានរៀបរាប់ប្រាប់ឲ្យអ្នកយកព័ត៌មាន Fresh News លោក គ្រួច វណ្ណា ថា ក្រោយពេលរស់នៅផ្ទះជួល គាត់ធ្វើការជាសន្តិសុខយាមរោងចក្រ ចំណែកប្ដីរត់ម៉ូតូឌុប។ ចុះឡើងៗប្ដីក្បត់ចិត្តទៅលួចមានប្រពន្ធថ្មី និងបានចុះចោលគាត់ទៅនៅជាមួយប្រពន្ធក្រោយបាត់អស់រយៈពេលជាង៥ឆ្នាំ ទើបលេចមុខត្រឡប់មករកគាត់ និងសុំរួមរស់ជាមួយគ្នាវិញ។ ប៉ុន្តែគាត់ពុំព្រមទទួលយកវិញឡើយ ជាហេតុធ្វើឲ្យប្ដីខឹង លុះវេលាម៉ោង ១០៖១៥នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០កន្លងទៅ នៅពេលដែលគាត់កំពុងដើរចេញពីធ្វើការរោងចក្រ ទៅដល់ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្ដីយកទឹកអាស៊ីតជះលើរួចរត់គេចខ្លួនបាត់។

អ្នកស្រី បាននិយាយទៀតថា អ្នកស្រីបានរងរបួសពេញផ្ទៃមុខ ក្បាល និងដងខ្លួន ហើយត្រូវបានអ្នកជិតខាងនាំយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ទាំងគ្មានលុយកាក់ជាប់ខ្លួន១រៀល។ ពេលនោះបើកុំតែបានសាច់ញាតិ មិត្តភក្ដិជួយផ្ដល់ខ្លះរួម និងគ្រូពេទ្យជួយខ្លះម្ល៉េះគ្មានប្រាក់ព្យាបាលរបួសឡើយ ហើយគាត់ស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៣ខែ។ ដោយសារការខ្វះខាត និងជួបការលំបាកខ្លាំង ទើបចាកចេញពីមន្ទីរពេទ្យទាំងពុំទាន់ជា ហើយទៅស្នាក់នៅផ្ទះបងប្អូនឯខេត្តកំពង់ចាមមួយរយៈ រួចបន្តៅទៅសុំផ្ទះដន្លងស្នាក់នៅមួយរយៈទៀតមុន នឹងមកស្នាក់នៅផ្ទះជួលធ្វើជាសន្តិសុខជាលើកទី២នេះ។

គាត់បានបន្តថា គាត់ទទួលបានប្រាក់ខែ១៨៧ដុល្លារ ប៉ុន្តែបានចំណាយទៅលើផ្ទះជួល៥០ដុល្លារ ដោយពុំទាន់បូករួមជាមួយថ្លៃហូបចុកទឹក និងភ្លើងនៅឡើយ នៅសល់បន្តិចបន្តួចសម្រាប់ព្យាបាលរបួស។ ចំណែកប្ដីដែលជាជនដៃដល់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនកាលវេលាម៉ោង ៥៖៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បន្ទាប់មកបានបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតុលាការសម្រេចឃុំនៅពន្ធនាគារព្រៃសហើយ។ ប៉ុន្តែទោះបីជាទទួលបានយុត្តិធម៌ និងមានការងារថ្មីធ្វើបែបនេះហើយក្ដី ក៏អ្នកស្រីនៅតែលើកដៃសំពះសុំការជួយពីសប្បុរសជន និងអាជ្ញាធរជួយដល់រូបគាត់ផង៕