(ព្រៃវែង)៖ លោក ហួម តាំងហឿត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ យកស្បៀងអាហារ និងសម្ភារៈមួយចំនួនទៀត ឧបត្ថម្ភដល់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកកញ្ច្រៀច សម្រាប់ផ្គត់ផ្គង់ដល់អ្នកដែលត្រូវធ្វើចត្តាឡីស័ក។

លោក ហួម តាំងហឿត បាននាំយកអំណោយឧបត្ថម្ភដល់រដ្ឋបាលស្រុកកញ្ច្រៀច ក្នុងឱកាសនោះរួមមាន៖ អង្ករ ១តោន, មីម៉ាម៉ា ១០០កេស, ត្រីខ ១០០ឡូ, ទឹកសុទ្ធ ២០០យួរ, កាតសម្រាប់វីរុស ចំនួន២៥០កាត និងថវិកា២លានរៀល។ សរុបចំណាយអស់១៦,៦០០,០០០រៀល។

ថ្លែងក្នុងឱកាសនោះ លោក ហួម តាំងហឿត បានលើកឡើងថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តសប្បុរសរបស់ក្រុមការងារ បន្ទាប់ពីមើលឃើញនូវភាពចាំបាច់មួយចំនួនរបស់ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកកញ្ច្រៀច ដែលត្រូវចំណាយជាប្រចាំសម្រាប់អ្នកធ្វើចត្ដាឡីស័ក ដែលទើបមកពីចំណាកស្រុក ឬអ្នកដែលមានការសង្ស័យ។

គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជួសមុខឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហួម តាំងហឿត និងក្រុមការងារដែលចំណាយធនធាន ដើម្បីឧបត្ថម្ភដល់រដ្ឋបាលស្រុក នៅក្នុងកាលៈទេសៈដែលទាំងអស់កំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕