(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករកម្មការិនីក្នុងខេត្តជាង ៣០០,០០០នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩រួចហើយ ក្នុងនោះក៏កំពុងចាក់ជូនជាបន្តបន្ទាប់ទៀតផងដែរ។

លោកថា ទាំងនេះគឺជាការគិតគូរខ្ពស់ចំពោះសុខទុក្ខ នឹងសុខមាលភាពប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

លោក ម៉ែន វិបុល លើកឡើងដូចនេះនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី មួន សាម៉េត តំណាង លោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ស្តីពីវឌ្ឍនភាព នៃដំណើរការចាក់វ៉ាក់សាំ ងរបស់កងទ័ព ចាក់ជូនដល់ ប្រជាពលរដ្ឋ នៅក្រុងបាវិត ខេត្តស្វាយរៀង។

លោកអភិបាលខេត្តបានបន្តថា ក្នងនាមរដ្ឋបាលខេត្ត សូមអំណរគុណចំពោះមេបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានដឹកនាំក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោមការណែនាំចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្រុងបាវិត ខេត្តស្វាយរៀង ទទួលបានជោគជ័យនាពេលកន្លងទៅ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត បានថ្លែងអំណរចំពោះកិច្ចសហការដ៏ល្អរបស់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមយុវជនស្ម័គ្រចិត្ត (ស ស យ ក) បានធ្វើឱ្យដំណើរការចាក់វ៉ាក់សាំង របស់ក្រុមការងារ និងគ្រូពេទ្យនៃបញ្ជាការដ្ឋានទ័ពពិសេស ប្រចាំនៅក្រុងបាវិត ចាក់ជូនដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយភាពរលូន និងមានសណ្ដាប់ធ្នាប់ល្អ ចាប់តាំងពីដូសទី ១ រហូតមកដល់ដូសទី២ ដែលកំពុងដំណើការចាក់បន្តនាពេលបច្ចុប្បន្ន៕