(បន្ទាយមានជ័យ)៖ កងកម្លាំងចំនួន១០អង្គភាព រួមមានកងទ័ព ៩អង្គភាព និងនគរបាលការពារព្រំដែនគោកមួយអង្គភាព បានចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា ដែលជាដូសជំរុញរួចរាល់ហើយ ដើម្បីបង្កើនអង្គបដិបក្ខការពារជំងឺកូវីដ១៩។
ខេត្តបន្ទាយមាន គឺជាកន្លែងប្រយុទ្ធដ៏ក្តៅគគុកមួយលើសមរភូមិជំងឺកូវីដ១៩។ ក្នុងខេត្តនេះមិនត្រឹមតែត្រូវប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងឆ្លងក្នុងសហគមន៍ប៉ុណ្ណោះទេ តែក៏ជាកន្លែងទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃក្នុងចំនួនច្រើនជាងគេផងដែរ។
ទាំងកងទ័ព និងនគរបាល គឺជាកម្លាំងដ៏ចាំបាច់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។ កងកម្លាំងជួរមុខនៅក្នុងខេត្តបន្ទាយមានជ័យ ក៏ទទួលបានការអនុញ្ញាតជាពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ។
ក្រុមការងារចាក់វ៉ាក់សាំង គឺក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យរបស់កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចល័តរថយន្តចាក់វ៉ាក់សាំងជូនកងកម្លាំបចាប់ពីព្រំព្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបង ចម្ងាយជាង ១៥០គីឡូម៉ែត្រ រហូតចប់ជាស្ថាពរ។
ក្នុងដំណើរចុះពិនិត្យការចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាក់ថា អនុវត្តន៍តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់នោះ ក្រុមការងារចាក់វ៉ាក់សាំងបានយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាចាក់វ៉ាក់សាំងដូសទី៣ ជូនកងកម្លាំងជួរមុខឱ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងការបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសទី១យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលបានអនុញ្ញាតឱ្យកងកម្លាំងជួរមុខនៅខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងដូសទី៣។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានហៅការអនុញ្ញាតឱ្យកងទ័ពជួរមុខចាក់វ៉ាក់សាំងដូសទី៣ បង្ហាញឱ្យឃើញពីការគិតគូរ និងយកទុកដាក់ខ្ពស់បំផុតលើសុខុមាលភាពរបស់កងទ័ព ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕