(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្ដចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលនៅសេសសល់មិនទាន់បានចាក់ ក្នុងរយៈពេល១០ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែន កម្មករ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់មាតា បិតា អ្នកអាណាព្យាបាលទាំងអស់ សូមនាំកូន ចៅ ក្មួយ និងអ្នករស់នៅក្នុងបន្ទុកដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាតាមកាលបរិច្ចេទ និងទីកន្លែងដែលបានបញ្ជាក់ខាងលើកុំបីខាន ដោយភ្ជាប់មកជាមួយប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន៕