(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួលសម្រួលដល់ជីវភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងរីករាលដាល។
ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកាបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោកលោកស្រី ជាអភិបាលរងខណ្ឌ លោក វ៉ា សារ៉ង សង្កាត់ចោមចៅទី២ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេណវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២។
លោក ហែម ដារិទ្ធិ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។
លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់ បន្តការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង ៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
គួសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារ ក្នុងសង្កាត់ចោមចៅទី២ នាពេលនេះ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីវអ៊ីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ រួមនិងថវិកា ៣០០០០រៀលផងដែរ៕