(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភគ្រឿងសម្ភារបរិក្ខាររួមមាន៖ អាល់កុល ម៉ាស់ មីជាតិ ទឹកបរិសុទ្ធ និងដបបាញ់អាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។
ក្នុងពិធីប្រគល់ទទួលអំណោយនេះ ធ្វើឡើងនៅវេទិកាដោះស្រាយបញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីនៃសាលាដំបូងផ្សេងទៀត។
សម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អាល់កុល១០កាន, ម៉ាស់០៥កេសធំ, មីជាតិ១៣០កេសតូច, ទឹកបរិសុទ្ធ១០០កេស, និងដបបាញ់កាល់កុល មានអាល់កុលស្រាប់ ១៩០ដប។
ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លោក ម៉ៅ ធនិន បានថ្លែងអំណរគុណដល់ប្រធាន សាលាដំបូងខេត្ត ព្រមទាំងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តនាពេលនេះ។
លោក ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់ប្រធានសាលាដំបូង ព្រមទាំងសហការី គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិបាលខេត្តពោធិ៍សាត់ លោកបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ លោកតែងតែអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់សារាចរណ៍នានា ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕