(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដំណើរចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កុមារយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រមាណ១២ម៉ឺននាក់។

សម្រាប់ថ្ងៃដំបូងនៃដំណើរការចាក់នេះ ធ្វើឡើងនៅមណ្ឌលសុខភាពឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលត្រូវចាក់ចំនួន ២ឃុំ ក្រោមវត្តមានសំណេះសំណាលពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ព្រមទាំងកុមារ និងយុវ័យប្រម៉ាណជាង១,០០០នាក់ ដែលបានចុះឈ្មោះចាក់វ៉ាក់សាំងក្នុងកិច្ចបើកដំណើរការចាក់ព្រឹកនេះ។

លោក វ៉ី សំណាង បានថ្លែងថា «ក្តីសង្ឃឹមរបស់កុមារ និងយុវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយរយៈមិនយូរ និងបានចូលសាលារៀនវិញ នៅពេលដែលជំងឺលែងឆ្លង»

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា បើទោះបីក្មួយៗបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ហើយយ៉ាងណាក្តី ក្មួយៗត្រូវតែប្រុងប្រយ័ត្ន ការពារខ្លួន ជាពិសេសប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «៣កុំ និង៣ការពារ» អនុវត្តឱ្យបានជាប់ជាប្រចាំ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ស្ពឺ និងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកុមារ និងក្មេងវ័យជំទង់ដែលមានអាយុចន្លោះ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លើគោលដៅក្រុង/ស្រុកទាំង៨ និងចំនួន១២ទីតាំងរួមមាន៖

*ស្រុកគងពិសី ចាក់នៅមន្ទីរពេទ្យបង្អែកគងពិសី
*ស្រុកបសេដ្ឋចាក់នៅមណ្ឌលសុខភាពបសេដ្ឋ
*ស្រុកភ្នំស្រួចចាក់នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង
*ស្រុកសំរោងទង ចាក់នៅមណ្ឌលសុខភាពត្រពាំងគង
*ក្រុងច្បារមនចាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
*ស្រុកឱរ៉ាល់ចាក់នៅមណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យបន្ទាយប្រណាក
*ស្រុកថ្ពងចាក់នៅសាលាបឋមសិក្សាកងខេមរភូមិន្ទ និងមណ្ឌលសុខភាពមនោរុងរឿង
*ស្រុកឧដុង្គចាក់នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ និងមណ្ឌលសុខភាពក្សេមក្សាន្តត្រាចទង។

យោងតាមរបាយការណ៍ របស់អាជ្ញាធរខេត្តកំពង់ស្ពឺ ក្មេងដែលមានអាយុចន្លោះពី១២ ទៅដល់ក្រោម១៨ឆ្នាំ គឺមានបចំនួនប្រមាណ ១១៥,១៨៧នាក់ ក្នុងនោះស្រី៥៥,៦២៣នាក់ ដែលត្រូវការវ៉ាក់សាំងប្រម៉ាណជាង២០ម៉ឺនដូស៕