(បាត់ដំបង)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសទៅក្រុមយុវជនទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិសុខ ការអភិវឌ្ឍន៍ និងបន្តការសាងជាតិ ដែលកំពុងមាននេះ កាន់តែរីកចំរើនទៅមុខសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ខណៈសម្មិទ្ធិផលទាំងនេះ ត្រូវបានបន្សល់ទុកពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបងខេត្តបាត់ដំបងជិត១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំខេត្ត និងក្រុមយុវជនទាំងអស់កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ដែលកំពុងមានប្រជាប្រិយភាពរូបនេះ បានអរគុណ និងអបអរសាទរបងប្អូនដែលជ្រើសរើសគណបក្សប្រជាជន ជាម្រើសរបស់បងប្អូន នេះគឺសម័យសង្គមប្រជាធិបតេយ្យ យុវជនមានជម្រើស គឺមិនមានអ្នកណាទៅបង្ខំបងប្អូនទេ។ ដូច្នេះការដែលយុវជនចូលរួមជាមួយគណបក្សប្រជាជន គឺជាជ្រើសរើសដោយខ្លួនឯង ការស្រឡាញ់ និងឆន្ទៈចូលរួមជាសកម្មជនគណបក្ស។
លោក ម៉ាណែត បានបញ្ជាក់ថា «ជាកិត្តិយសរបស់យុវជនដែលជាចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ ចាស់ទុំជាងគេ មានស្នាដៃច្រើនជាងគេ។ លើសពីនេះយុវជនមានឱកាសជួយ ដល់បក្សដឹកនាំប្រទេស ជួយដល់សង្គម និងខ្លួនឯង។ យើងជួយឱ្យបក្សឈ្នះ បក្សមានលទ្ធភាពដឹកនាំរដ្ឋាភិបាល និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ដើម្បីបានផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នានិងបង្កលក្ខណៈឱ្យយុវជនទាំងអស់ មានឱកាសមិនគិតថា យុវជនគណបក្សណាទេគឺបានផលប្រយោជន៍ ពីការរីកចម្រើននេះ ដូច្នេះយុវជនយើងអាចចូលរួមគ្រប់សកម្មភាពដើម្បីជួយដល់គណបក្សដើម្បីបង្កលក្ខណៈឱ្យគណបក្សប្រជាជន មានឱកាសបន្តបម្រើប្រជាជនតទៅទៀត»។
អតីតនិស្សិតខ្មែរដំបូងគេ ដែលរៀននៅសាលាវិទ្យាល័យ West Point សហរដ្ឋអាមេរិក បានលើកឡើងថា យុវជនជំនាន់មុនដែលបច្ចុប្បន្នជាថ្នាក់ដឹកនាំ ជាតិរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័នផ្សេងៗ មានភាពក្លាហាន ពោពេញដោយក្តីសង្ឃឹមដែលបានតស៊ូរំដោះជាតិ នៅក្នុងតំណាក់ដ៏លំបាកបំផុត ក្នុងរបបប៉ុលពត បានធ្វើឱ្យយើងរស់រានមានជីវិតឡើងវិញ និងកសាងប្រទេសឱ្យរីកចម្រើនតាំងពីបាតដៃទទេ។
«នេះហើយគឺជាអ្វីដែលយុវជនមានមោទនភាព យុវជនជំនាន់មុន បានផ្តល់ឱកាសដល់យើងសព្វថ្ងៃនេះ។ ដូច្នេះភារកិច្ចរបស់យុវជនក្រោយ គឺត្រូវធ្វើយ៉ាងណាថែរក្សាឱ្យបាននូវសមិទ្ធិផលទាំងឡាយ ដែលជាស្នាដៃយុវជនជំនាន់មុន បានបន្សល់ទុក ជាពិសេសសុខសន្តិភាព និងការអភិវឌ្ឍជាតិ និងបន្តចូលរួមកសាងសមិទ្ធិផលបន្ថែមទៀតសម្រាប់ជាតិរបស់យើងទៅថ្ងៃអនាគត»។
លោក ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តបានឱ្យដឹងថា ក្រុមការងារយុវជន ឃុំ-សង្កាត់ និងភូមិទូទាំងក្រុងបាត់ដំបងដែលត្រូវប្រកាសនាពេលនេះមានចំនួន៧២៨នាក់ ដើម្បីអនុវត្តតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងការក្តាប់ជាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ដើម្បីបញ្ជ្រាបទៅក្នុងស្រទាប់យុវជន ព្រមទាំងការកសាងផែនការសកម្មភាព និងរបបប្រជុំក្នុងការជំរុញនិងសកម្មភាពការងារសង្គមផ្សេងៗប្រកបដោយគុណភាព។
លោក ច័ន្ទ សុផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការខេត្តបាត់ដំបង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុវជនជាធនធានដ៏សំខាន់ និងការចូលរួមជាកម្លាំងបន្តវេណសម្រាប់គណបក្ស និងបន្តវេណសម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។
លោកបានបញ្ជាក់ថា «ការយកចិត្តទុកដាក់ចំពោះការអប់រំចំណេះដឹង ចំណេះធ្វើ សីលធម៌ អត្តចរិតល្អប្រពៃ មានកាយសម្បទារឹងមាំ និងមានស្មារតីទទួលខុសត្រូវក្នុងការងារដើម្បីដើម្បីលើកកម្ពស់តួនាទីសិទ្ធិរបស់យុវជន ឲ្យក្លាយជាកម្លាំងស្នូល សរសទ្រូងរបស់គណបក្ស។ ទន្ទឹមនេះគណបក្សខេត្តបាននឹងកំពង់ប្រគលតួនាទីដឹកនាំ អង្គភាពមួយចំនួនដល់យុវជនគណបក្ស ដែលមានស្នាដៃ បទពិសោធន៍ការងារ និងសម្ថភាពគ្រប់គ្រាន់ ដើម្បីបន្តនិរន្តរភាពរបស់គណបក្ស»៕