(ឧត្តរមានជ័យ)៖ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ លោកទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិចុះជួយនៅក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ។ លោកក៏បានបន្តជំរុញឱ្យក្រុមការងារដាក់មុខព្រួញជួយនៅមូលដ្ឋានបន្ថែម គ្រាខេត្តកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបញ្ហាជាច្រើនផ្សេងទៀត។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលេីកទិសដៅការងារខែសីហា របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា នៅក្នុងខែកក្កដា កន្លងទៅនេះ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ដែលមានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាប្រធាន រួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ និងមន្ទីរ ស្ថាប័ន ជំនាញ បានចុះធ្វេីសកម្មភាពឆ្ពោះទៅមូលដ្ឋានចុះជួបពលរដ្ឋតាមខ្នងផ្ទះ ចំនួន ៥៦៩លេីក។
ក្រុមការងារបានជួយឧបត្ថម្ភពលរដ្ឋ ដែលជួបលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid -19 និងរងគ្រោះដោយគ្រោះធម្មជាតិ ដោយចំណាយសម្ភារៈគិតជាទឹកប្រាក់ ៣៦៦លានរៀល និង ២,៣៨០ដុល្លារ, បានសហការត្រួតពិនិត្យពលករមកពីថៃ ១១,៩៧០នាក់ ធ្វេីតេស្តរហ័សនៅទូទាំងខេត្ត ៦០,៦៩៤នាក់ វិជ្ជមានកូវីដ១៩ចំនួន ៤,១៧៦នាក់ក្នុងនោះឆ្លងពីក្រៅប្រទេស ៣,៨៨៣នាក់ ឆ្លងសហគមន៍ ២៩៣នាក់ កំពុងព្យាបាល ៣,១៦៦នាក់។
មានមតិនៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ នាំឱ្យកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់។ ក្នុងនោះការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសម្រេចបានជាង ៧៨ភាគរយ ព្រមទាំងបានដាក់ចេញនូវផែនការប្រកបដោយប្រសិទ្ធភាពជាច្រើន ឆ្លើយនឹងវិបត្តិបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រី បានលេីកសសេីរដល់ក្រុមការងារគ្រប់ថ្នាក់ បានរួមសាមគ្គី ឯកភាពគ្នាប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ចុះទៅដល់មូលដ្ឋានតាមខ្នងផ្ទះជួយប្រជាពលរដ្ឋដែលជួបលំបាកបានទាន់ពេលវេលា។
បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានជំរុញក្រុមការងារ និងរដ្ឋបាលគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់លេីការងារសំខាន់មួយចំនួនដូចខាងក្រោម៖
* យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឱ្យកាន់តែប្រសេីរថែមទៀត អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមគ្នាទប់ស្កាត់ការប្រេីប្រាស់ជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន និងទប់ស្កាត់បង្ក្រាបរាល់បទល្មេីសនាៗ។
* ខិតខំបំរេីសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយយកអភិក្រមទាំង៥ ធ្វេីជាគោល (ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យបាល, វះកាត់)។
* បន្តចុះតាមខ្នងផ្ទះដេីម្បីដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ និងបន្តរកអ្នកក្រីក្រងាយរងគ្រោះ ដោយ Covid -19។
* ជំរុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមផែនការ។
* ត្រៀមលក្ខណៈទទួលនិងគ្រប់គ្រងធ្វេីចត្តាឡីស័ក ចំពោះពលករមកពីថៃក្រោយថ្ងៃបញ្ចប់ការបិទខ្ទប់ តាមការណែនាំរបស់រាជរដ្ឋាភិបាល។
* ត្រូវត្រៀមកម្លាំង និងមធ្យោបាយ សម្ភារៈ ចូលរួមសង្គ្រោះប្រជាពលដ្ឋ ពេលមានគ្រោះមហន្តរាយកេីតឡេីង។
* រដ្ឋបាលខេត្តត្រូវ ចាត់តាំងដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅស្រុកអន្លង់វែង។
លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកទៅកាន់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី និងការអនុវត្តជាប់ជាប្រចាំ វិធានការ «៣កុំ ៣ការពារ» ដើម្បីធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយផ្តល់ដល់ស្រុកចំនួន៣ ក្នុងនោះស្រុកត្រពាំងប្រាសាទ ទទួលបានថវិកា ១២លាន, ស្រុកអន្លង់វែង ១២លានរៀល និងបានផ្តល់អំណោយដល់ក្រុងសំរោងចំនួន ៦៥០ឃីត ដែលកំពុងបិទខ្ទប់ ដោយក្នុង ១គ្រួសារទទួលបាន អង្ករ២០គ.ក្រ, មីជាតិ ១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ ៣ដប និងទឹកសុទ្ធចំណុះ ១,៥លីត្រ ១កេសផងដែរ៕