(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចផ្តល់ថវិកាបន្ថែម ៧,២៦០លានរៀល ជូនទៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តនៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការខ្វះខាត និងតម្រូវការចំណាយផ្សេងៗលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ Fresh News ថា ថវិកាបន្ថែមនេះ សម្រាប់ត្រៀមប្រើប្រាស់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

យោងតាមរាងស្តីពីការផ្តល់ថវិកាបន្ថែមនេះ បានឱ្យដឹងថា ថវិកាបន្ថែមបានផ្តល់ទៅខេត្ត ចំនួន១៩។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងការផ្គត់ផ្គង់ទៅតាមកន្លែងធ្វើចត្តាឡីស័កផងដែរ។

របាយការណ៍បានបង្ហាញថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាទៅតាមបណ្តាខេត្តនេះសរុបជាង ៧១ពាន់លានរៀលហើយ៕