(ភ្នំពេញ)៖ មូលនិធិសប្បុរសធម៌ លោក ជា រតនា និងភរិយា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានជួបជុំជនពិការកំបុតដៃទាំងសងខាងជាច្រើននាក់បន្ថែមទៀត ទៅលើផ្នែកសិក្សារៀនសូត្រ ការស្នាក់នៅ និងថវិកា សរុបប្រមាណជាង ៦០លានរៀល នៅភោជនីយដ្ឋានរតនគិរី រាជធានីភ្នំពេញ។
លោក ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ហើយក៏ជាអ្នកកៀរគររកប្រាក់សប្បុរសធម៌ពីគ្រប់ទិសទី បានថ្លែងឲ្យដឹងថា ទុក្ខលំបាកវេទនាគ្រប់បែបយ៉ាងចំពោះការរស់នៅប្រចាំថ្ងៃ របស់ជនពិការកំបុតដៃទាំងសងខាង យើងត្រូវតែយកចិត្ដទុកដាក់ខ្ពស់ ដោយជួយផ្គត់ផ្គង់ស្ទើរគ្រប់ផ្នែកទាំងអស់ រួមមានការបណ្ដុះបណ្ដាលការសិក្សានៅតាមសាលារៀន ឬសាកលវិទ្យាល័យ មុខជំនាញសម្រាប់ប្រកបមុខរបរផ្ទាល់ខ្លួន ថវិកា សម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលការលំបាក និងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានក្ដីរំពឹងក្នុងជីវិតរស់នៅ។
ជាក់ស្ដែងនៅថ្ងៃនេះ មូលនិធិរបស់លោកបានបន្ដជួយទៅដល់ជនពិការកំបុតដៃទាំងសងខាងជាច្រើននាក់ ទាំងក្មេង និងចាស់ ដែលមកពីតាមបណ្ដាខេត្ដផ្សេងៗ ដែលយើងទើបតែបានស្វែងរកឃើញពួកគាត់ ដោយយើងបានផ្ដល់នូវថវិកាជាផ្នែក គឺ១-សម្រាប់ក្មួយៗបន្ដការសិក្សា ,ទី២-ជួយដល់កុមារកំបុតដៃ ដែលគាត់ខ្វះខាតអាហារូបត្ថម្ភ ,ទី៣-ដល់ជនចាស់ជរា ដែលកង្វះគ្រប់រូបភាពក្នុងការរស់នៅ និងផ្សេងៗទៀត។
លោក បន្ដថា «ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពបន្ថែមទៀត ដើម្បីជួយដល់ជនពិការកំបុតដៃទាំងសង ឲ្យគាត់ទទួលបាននូវ ការរស់នៅដោយសេចក្ដីសុខសម្បូរសប្បាយ រីករាយ គឺដោយបង្កើតជំនាញ និងមុខរបរដល់ពួកគាត់ ពិសេសសម្រាប់ក្មួយៗដែលខ្វះខាតការសិក្សាវិញ ខ្ញុំនឹងបន្ដជួយដល់ទីបំផុត» ។
សូមបញ្ជាក់ថា មូនិធិរបស់លោក ជា រតនា និងភរិយា បានជួយដល់ជនពិការកំបុតដៃទាំងសងខាង ជាច្រើនលើកច្រើនសាមកហើយ ដោយថ្ងៃនេះមិនមែនជាលើកទីមួយទេ ដែលមូលនិធិមួយនេះ បានបន្ដជួយដល់ជនពិការកំបុតដៃទំាងសងខាងទូទាំង ២៥ រាជធានី-ខេត្ដ ដែលមកទល់នឹងពេលនេះ ជនពិការកំបុតដៃទាំងសងខាងជិត ១ពាន់នាក់ហើយ ទទួលបានការឧបត្ថម្ភ និងផ្គត់ផ្គង់ពីមូលនិធិនេះ៕