(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water ក្នុងគោលបំណងពង្រឹងកិច្ចសហការភាពជា ដៃគូរយៈពេល៣ឆ្នាំ សំដៅលើកកម្ពស់ការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ស្តីពីការយល់ដឹងពីសុខភាព សុវត្ថិភាព និងសុខុមាលភាពជាសាធារណៈនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ពិធីចុះអនុស្សារណៈខាងលើនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស ថាវី ជាតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water នៅទីស្តីគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

បន្ទាប់ពីចុះអនុស្សរណៈ នៃការយោគយល់គ្នាខាងលើ គណៈប្រតិភូក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក ដឹកនាំដោយលោកឧកញ៉ា តាំង គួង អគ្គនាយក បានចូលជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន ទីប្រឹក្សា និងជានាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ក្រោយពីបញ្ចប់កិច្ចចុះអនុស្សរណៈ លោកឧត្តមសេនីយ៍ឯក ស ថាវី បានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលរបស់យើងបានខិតខំយ៉ាងខ្លាំងក្លាអោយប្រជាពលរដ្ឋរបស់យើងបានចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ មិនឱ្យអ្នកដែលឆ្លងជំងឺនេះហើយមានសភាពធ្ងន់ធ្ងរ។ ទោះយើងមិនអាចកម្ចាត់ចោលជំងឺនេះទាំងស្រុង ប៉ុន្តែយើងអាចការពារជំងឺនេះបានដោយតម្រូវអោយយើងផ្លាស់ប្តូរទម្លាប់រស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវ ដូច្ចេះគោលបំណងការចុះអនុស្សរណៈជាមួយ ក្រុមហ៊ុនឆាយវ៉ាង Sakkin Water គឺផ្ដោតលើការពង្រឹង និងអភិវឌ្ឍចំនេះដឹងសុវត្ថិភាពសុខភាព និងសុខុមាលភាពជាសាធារណៈ»។

លោកឧត្តមសេនីយ៍ឯក ស ថាវី បានបញ្ជាក់ថា៖ «ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការ ម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពតាមបែបទំនើបកម្ម យើងជ្រើសរើស Sakkin Water ជាដៃគូរដោយសារក្រុមហ៊ុននេះជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន និងមានឧបករណ៍សម្លាប់មេរោគជាច្រើនប្រភេទ ស្របតាមតម្រូវការសម្រាប់ជួយគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗរបស់ក្រុមគ្រូពេម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការនេះ នឹងជួយគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីនិងតាមបណ្តាខេត្ត»។

ឧកញ៉ា តាំង គួង បានថ្លែងថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការជាដៃគូជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពីជ័យសេនា ទៀ បាញ់ ក្នុងការពង្រឹងនិងអភិវឌ្ឍផ្នែកអនាម័យ ផាសុកភាពនៃការរស់នៅរបស់ ប្រជាជនកម្ពុជា ឱ្យកាន់តែល្អប្រសើរក្នុងគន្លងប្រក្រតីភាពថ្មី។ ដោយសារពួកយើងមានគោលបំណងតែមួយ គឺចង់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រើប្រាស់ទឹកសម្លាប់មេរោគដែលមានគុណភាពល្អ សម្រាប់យុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋតាមរាជធានី និងខេត្ត ដោយទឹកសម្លាប់មេរោគសាកគីនមានលក្ខណៈពិសេសគ្រប់គ្រាន់ ក្នុងកម្រិត ph ត្រឹមត្រូវ អាចប្រើប្រាស់បាញ់សម្លាប់មេរោគបានលើរាងកាយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងពង្រឹងសុខសុវត្ថិភាពជូនដល់ក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋ។ ក្រុមហ៊ុននឹងខិតខំសហការណ៍»។

ដោយឡែកនៅក្នុងកិច្ចពិភាក្សាការងារនេះ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរចំពោះក្រុមហ៊ុន ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ តាមការសន្យា និងការគ្រោងទុក ដែលជាការបង្ហាញពីការពង្រឹង ពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និទ្ធថែមទៀត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺបំប្លែងថ្មី Delta ក្រោមការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួមយ៉ាងសកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងនាពេលកន្លងមក និងទៅមុខទៀត។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានថ្លែងអំណរគុណចំពោះលោក ឧកញ៉ា តាំង គួង ដែលបានជួយគាំទ្រឧបត្ថម្ភទាំងថវិកា ឧបករណ៍ សម្ភារៈផ្សេងៗ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ បុគ្គលិកវិស័យឯកជន ក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពិសេសតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ និងខេត្តកណ្តាល ព្រមទាំងខេត្តផ្សេងៗទៀតនាពេលកន្លងមក ដំណើរការល្អធានាបានសុវត្ថិភាព មិនមានសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ណាម្នាក់មានការគ្រោះថ្នាក់ ឬបាត់បង់ជីវិតដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឡើយ។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានបញ្ជាក់បន្ថែមថា តាមរយៈការចុះអនុស្សរណៈ «MoU» នាថ្ងៃនេះ ស្ថាប័នទាំងពីរនឹងបន្តសហការកាន់តែជិតស្និទ្ធថែមទៀត ក្នុងការចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការមនុស្សធម៌ និងសង្គម នៅក្នុងខេត្តកោះកុង និងខេត្តសៀមរាប ព្រមទាំងខេត្តផ្សេងៗទៀត។

នៅក្នុងកិច្ចពិភាក្សានេះ លោកឧកញ៉ា តាំង គួង សូមសម្តែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហការជាមួយក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក បានចូលរួមចំណែកក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក។ ក្រុមហ៊ុនសូមប្តេជ្ញាចិត្តនឹងបន្តជួយគាំទ្រទាំងផ្នែកថវិកា ឧបករណ៍ សម្ភារៈ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រជាពលរដ្ឋជួបប្រទះនូវជំងឺកូវីដ១៩ និងគ្រោះថ្នាក់ដោយគ្រោះមហន្តរាយផ្សេងៗទៀត ទៅតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាពវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសវិធានការ «៣កុំ និង៣ការពារ» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ វីរុសបំប្លែងថ្មី Delta។ ទន្ទឹមនេះ ក្រុមហ៊ុននឹងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសិក្សាស្វែងយល់បន្ថែមអំពីថ្នាំ និងឧបករណ៍ សម្ភារៈ ប្រើប្រាស់ថ្មីៗប្រកបដោយប្រសិទ្ធភាព ដែលផលិតបាននាពេលចុងក្រោយនេះដោយប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត។

លោកឧកញ៉ា តាំង គួង បានបញ្ជាក់ជូនថា រាល់សមិទ្ធផលទាំងឡាយរបស់ក្រុមហ៊ុន ដូចជា ទឹកថ្នាំសម្លាប់មេរោគ ឧបករណ៍ សម្ភារៈផ្សេងៗសម្រាប់សម្លាប់ការពារជំងឺកូវីដ១៩ ដែលកំពុងដំណើរការនៅលើទីផ្សារប្រទេសកម្ពុជា សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាប្រទេសជប៉ុនទាំងអស់៕