(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានចេញលិខិតថ្លែងអំណរគុណដល់យុវតី សូថាវណ្ណ ម្ចាស់ប្រេន Sol Chérie បន្ទាប់ពីយុវតីរូបនេះបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារបរិក្ខារមួយចំនួនទៀតជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបម្រើដល់ការពិនិត្យព្យាបាលកុមារ និងអ្នកជំងឺដទៃដែលមកទទួលសេវាពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
មន្ទីរពេទ្យកុមារអង្គរបានបញ្ជាក់ថា ក្នុងពេលដែលការអំពាវនាវស្វែងរកមូលនិធិសម្រាប់កិច្ចការពារ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកជំងឺជាច្រើនផ្សេងទៀតនៅក្នុងមន្ទីរពេទ្យកុមារអង្គរ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ លោកស្រី ទាង អេង ទៀសីហា ភរិយារបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានចូលរួមនូវការគិតគូរអំពីសុខទុក្ខរបស់ក្រុមគ្រូពេទ្យ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរយ៉ាងយកចិត្តទុកដាក់ ទោះបីជាលោកស្រីកំពុងតែសម្រាកថែសុខភាពក្រោយសម្រាលបុត្រីរបស់លោកនៅឡើយ។
តាមរយៈការផ្តួចផ្តើមចង្អុលបង្ហាញរបស់លោកស្រីទាង អេង ទៀសីហា, យុវតី សូថាវណ្ណ ម្ចាស់ប្រេន Sol Chérie បានបង្កើតកម្មវិធីខួបកំណើតរបស់ខ្លួន ឲ្យទៅជាកម្មវិធីរៃអង្គាសមូលនិធិ និងសម្ភារបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់នៅក្នុងការការពារ និងព្យាបាលជំងឺកូវីដ១៩ និងជំងឺជាច្រើនទៀតនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-៣១ ខែកក្កដា ដោយប្រមូលថវិកាសរុបចំនួន ៦,១៦៨ ដុល្លារអាមេរិក សម្រាប់ទិញសម្លៀកបំពាក់ការពាររបស់គ្រូពេទ្យ ម៉ាស៊ីនបូមស្លេស និងម៉ាស៊ីនបញ្ចូលថ្នាំ រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀត ដូចជា ម៉ាស់ចំនួន ១០,០០០ ស្រោមដៃទំហំតូច និងទំហំកណ្តាល ១០០ ប្រអប់ អាល់កុលលាងដៃចំណុះ២៨លីត្រ ចំនួន ១០កាន។
ជាមួយគ្នានោះ មន្ទីរពេទ្យកុមារអង្គរក៏បានរាយការណ៍ឱ្យដឹងថា ជំនួយសប្បុរសធម៌ដែលទទួលបានសម្រាប់កិច្ចការពារ និងព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ មានជាថវិកាចំនួនជាង ៨ ម៉ឺនដុល្លារអាមេរិក និងសម្ភារបរិក្ខាពេទ្យសរុបជាទឹកប្រាក់ប្រមាណ ៥០,០០០ ដុល្លារអាមេរិកថែមទៀត។
ស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យកុមារអង្គរ គឺនៅតែបន្តបើកទ្វារទទួលពិនិត្យ ព្យាបាល និងថែទាំកុមារ មកពីគ្រប់ទិសទីទាំងស្ថានភាពជំងឺកម្រិតស្រាល រហូតដល់ធ្ងន់ធ្ងរ។ ទោះបីមិនមានបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដ៏ធំទូលំទូលាយក៏ដោយ ក៏មន្ទីរពេទ្យកុមារអង្គរនៅតែសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមមានដូចជាអង្គភាព ឬស្ថាប័នសុខាភិបាល និងអាជ្ញាធរខេត្ត និងតំបន់ដើម្បីបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះទាំងក្នុង និងក្រៅមន្ទីរពេទ្យ ដើម្បីធ្វើឲ្យសុខុមាលភាពកុមារកម្ពុជាកាន់តែប្រសើរឡើង។
មន្ទីរពេទ្យកុមារអង្គរក៏បានកោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះលោកអភិបាលខេត្តសៀមរាប និងលោកស្រី រួមទាំងយុវតី សូថាវណ្ណ និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់នូវសន្តានចិត្តដ៏ល្អប្រពៃ លះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធានថវិកា ដើម្បីជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យកុមារអង្គរដែលកំពុងជួបប្រទះនេះ។
ជាមួយគ្នានោះ មន្ទីរពេទ្យកុមារអង្គរក៏បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមជួយបរិច្ចាគឧបត្ថម្ភដល់មន្ទីរពេទ្យនេះបន្ថែមទៀតផង ខណៈតម្រូវការប្រើប្រាស់ក្នុងការពិនិត្យ មើលថែ និងព្យាបាលកុមារៗ ក៏ដូចជាអ្នកជំងឺជាច្រើននៅតែមានជាចាំបាច់រៀងរាលថ្ងៃ៕
សប្បុរសជនអាចចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈគណនី ABA របស់មន្ទីរពេទ្យបាន៖ 000 853 843 Angkor Hospital for Children