(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនដល់អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ សរុបចំនួន ៧៥នាក់ កុមារ ៥៨នាក់ ចាស់ជរា ៥នាក់ និងបុគ្គលិក ១២នាក់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដល់ចៅៗ និងក្មួយៗទាំងអស់ ឲ្យចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងត្រូវចេះគោរពចាស់ទុំ ត្រូវមានអនាម័យ មុនញ៉ាំបាយត្រូវលាងដៃនឹងសាប៊ូ និងត្រូវខិតខំរៀនសូត្រ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។
ឆ្លើយតបទៅនឹងទឹកចិត្តសប្បុរសធម៌នេះ ក្មួយៗ កុមារ និងប្រធានអង្គការ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងដូចជាពួកយើងទាំងអស់គ្នាក្នុងពេលនេះ និងសូមជូនពរឲ្យសម្តេច ជួបតែសេចក្តីសុខគ្រប់ពេលវេលា ជោគជ័យគ្រប់ភារកិច្ចទាំងអស់ និងមានសុខភាពល្អ។
ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុននេះ លោកស្រីអគ្គលេខាធិការរងទី១ សូមឲ្យទេវតាឆ្នាំថ្មីជួយតាមថែរក្សាចៅ និងក្មួយៗទាំងអស់ ឲ្យមានសុខភាព ឆ្លាតវៃ និងរៀនពូកែ។
អំណោយដែលត្រូវប្រគល់ជូនរួមមាន ៖ កុមារកំព្រាចំនួន ៥៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, បុគ្គលិកចំនួន ១២នាក់ និងចាស់ៗ ៥នាក់ ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភដល់អង្គការនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕