(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈ Facebook បានបង្ហោះសារមួយ ដោយបង្ហាញអំពីអ្វីដែលយុវជនគ្រប់រូប ត្រូវតែចូលរួមសម្រាប់ជាតិ និងថែរក្សាអ្វីដែលអ្នកជំនាន់បានលះបង់ និងខិតខំប្រឹងប្រែងជាង៤ទសវត្សរ៍ ក្រោមម្លប់នៃសន្ដិភាព ជាង២០ឆ្នាំចុងក្រោយនេះ។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី ដែលផ្ញើជូនយុវជនកម្ពុជា៖

«ផ្លែដែលយើងកំពុងបេះ និងទទួលទាន គឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់ នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ។

យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណា ដើម្បីការពារសមិទ្ធផលជាផ្លែផ្កា ដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នក ការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិ យើងគួរ៖

*ទី១៖ ស្គាល់ខ្លួនឯងឲ្យច្បាស់អ្វីដែលយើងបានឆ្លងកាត់ជាពិសេស ភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិទាំងមូល យើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ។ យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ។

*ទី២៖ ការនាំប្រទេសមួយដែលខ្ទេចខ្ទាំ ដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេច ដោយមោទន គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបានដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់ យើងបានសម្រេចការងារជាច្រើន តែអ្វីដែលការងារបន្ត គឺនៅសេសសល់ច្រើនណាស់ ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។

*ទី៣៖ រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ៖

- ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ គ្រួសារមួយ ក្រុមហ៊ុនមួយ ស្ថាប័នមិនមែនរដ្ឋាភិបាលមួយ និងដឹកនាំប្រទេស តើមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងណាខ្លះ?
-ដាច់ខាត មិនត្រូវយកស្ថិរភាព និងសន្តិភាពសង្គមមួយទៅសាកល្បងនឹងអ្វីដែលយើងមិនដឹង និងអាចគ្រប់គ្រងដោយខ្លួនឯងឡើយ
- បើចង់ដឹកនាំក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន តើត្រូវគិតកត្តាអ្វីខ្លះ និងយន្តការអ្វីខ្លះ -> សម្រាប់ខ្ញុំមានមុំបី (សម្រាប់មុំបីនេះ ខ្ញុំនឹងបកស្រាយពេលក្រោយផ្សេងទៀត)
- ដូចពុកបានណែនាំ និងចែករំលែកបទពិសោធន៍ «ត្រូវមើលព្រៃទាំងមូល»

ចំណុចនេះដូចយើងបានដឹងទាំងអស់គ្នាថា ប្រទេសកម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទន ប៉ុន្តែកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាព ដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀត តាមរយៈការវិនិយោគ ពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាជាតិមួយនៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សមត្ថភាពប្រកួតប្រជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេសបន្ថែមទៀត។

ដើម្បីបង្កើតឱកាសការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋានមួយដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ និងការផ្តល់លទ្ធភាពបន្ថែម ដល់រាជរដ្ឋាភិបាល ក្នុងការបែងចែកផលទាំងឡាយដល់សង្គមជាតិ មិនថាតាមរយៈការវិនិយោគសាធារណៈរបស់រដ្ឋ ឬគោលនយោបាយសង្គមកិច្ច ឬអាចនិយាយបានថា ជំនួយពីរដ្ឋដល់ប្រជាជនដែលជួបការលំបាក និងងាយរងគ្រោះ។

ខាងលើនេះ ជាអ្វីដែលក្នុងនាមយុវជនយើង អាចយកទៅពិចារណា និងស្វែងរកចម្លើយ ទាំងការយល់ដឹងទាំងផ្នត់គំនិត និងការពិចារណាទៅលើថា តើធ្វើដូចម្តេច និងធ្វើជាមួយអ្វី ទើបសម្រេចបានគោលដៅទាំងនេះ ដោយចងចាំថា អ្វីៗមិនអាចជបចេញនោះទេ មិនមែនគ្រាន់តែគិតស្រមៃ ឬគ្រាន់តែនិយាយនឹង បានផលនោះទេ ព្រោះអនាគតប្រទេស និងប្រជាជនសំខាន់ណាស់ ដោយមិនអាចអោយគិតជាលក្ខណៈសាមញ្ញ ហើយមិនបានគិតគូរឲ្យច្បាស់លាស់ លម្អិតនោះទេ ទាំងទ្រឹស្តី យុទ្ធសាស្រ្ត យុទ្ធវិធី។

ខ្ញុំក៏ដឹងថា មានអ្នកខ្លះទាំងខ្មែរ ទាំងបរទេសលើកឡើងគំនិតមួយចំនួន ដែលទំនងហើយមានលក្ខណៈសាមញ្ញ តែគួរសួរថាតើគំនិតនេះអនុវត្តនៅក្នុងប្រទេសគេ ជាកញ្ចប់ ជាផ្នែក ឬគ្រាន់តែនិយាយថា បានអនុវត្តតែមិនមានសកម្មភាពជាក់លាក់នោះទេ។

បើដឹកនាំងាយស្រួល គ្រប់គ្នានៅក្នុងប្រទេសនីមួយៗ រៀងៗខ្លួន នឹងនៅដឹកនាំហើយមិនមែនមកផ្តល់យោបល់នៅក្រៅប្រទេស ហើយបើការដឹកនាំប្រទេស ស្រួលគ្រប់ប្រទេស នៅលើលោកនឹងមានតែប្រទេសអភិវឌ្ឍន៍ និងមិនមានប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ ជារួមការងារដែលត្រូវធ្វើមានច្រើនណាស់ ហើយក៏មិនមានផ្លូវកាត់ «short cut» នោះទេ ហើយការលះបង់គឺពិតជាត្រូវមាន បើយើងចង់ឃើញកម្ពុជាដែលរឹតតែប្រសើរ ពោរពេញដោយ សុខសន្តិភាព ស្តិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនយើង។

តើចូលរួមយ៉ាងណា?
* រៀនសូត្រហ្វឹកហាត់សមត្ថភាពខ្លួនបន្ថែមជាប្រចាំ ដោយស្វែងយល់ឲ្យច្បាស់ពីចារឹកសង្គម នយោបាយខ្មែរ
* ចូលរួមថែរក្សាដើមឈើ និងផ្លែដែលយុវជនជំនាន់មុនបានដាំ ហើយដែលបានផលថ្ងៃនេះដោយឆ្លងកាត់ការលំបាករាប់មិនអស់
* ចូលរួមជួយថែរក្សា និងស្រោចទឹកដើមឈើដែលថ្នាក់ដឹកនាំបានដាំដើម្បីទទួលផលបន្តនាពេលអនាគត
* ចូលរួមគិតថា ដើមអ្វីត្រូវដាំបន្តដើម្បីកម្ពុជាមានសមត្ថភាពរឹតតែរឹងមាំ ទោះព្យុះដែលចេញពីក្នុង ឬក្រៅប្រទេសគឺមិនប៉ះពាល់ដល់សង្គមជាតិរបស់យើង»៕