(ភ្នំពេញ)៖ សាលាសិល្បៈតន្រ្តី បានសហការជាមួយ រូតថារីក្លឹបចតុមុខ រៃអង្គាសប្រាក់ពីសប្បុរជនក្នុងស្រុកបាន ៣ពាន់ដុល្លារ ដើម្បីផ្តល់ជូនសាលាសិល្បៈហ៊្វូណន ក្នុងគម្រោងព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ដែលនឹងរៀបចំកម្មវិធីអបអរសាទរខួប០៣ឆ្នាំ នៃល្ខោនខោលចូលជាសម្បតិ្តបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ខាងមុខនេះ។
ក្នុងនោះ ហាងលក់ គ្រឿងអលង្ការ ជាង បាក់វណ្ណហុង ផ្តល់ថវិកាចំនួន ២ពាន់ដុល្លារ និងសណ្ឋាគារអេសិន ផ្តល់ថវិកាចំនួន ១ពាន់ដុល្លារ។ នេះគឺជាសកម្មភាពមួយបង្ហាញពីការចូលរួម ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ អរិយធម៌ដ៏មានតម្លៃរបស់ជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស លើកតម្កើងការផ្សព្វផ្សាយនូវកេរមរតកវប្បធម៌ជាតិខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ និងបង្ហាញឲ្យយុវជន និងមហាគ្រួសារខ្មែរ ស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណនិមួយៗ ដើម្បីបង្កើតចិត្តស្រលាញ់ និងចូលរួមថែរក្សាទាំងអស់គ្នា។
លោក ស៊ុប ស័ក្ខរា នាយក នៃសាលាសិល្បៈហ៊្វូណន និងជាប្រធានគណៈកម្មការព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ បានថ្លែងថា «ថ្ងៃនេះខ្ញុំបាទសូមសម្តែងសេចក្តីរំភើបយ៉ាងក្រៃលែង ដែលទទួលបាននូវការឧបត្ថម្ភគាំទ្រ ពីសំណាក់សប្បុរជននានា តាមរយៈសាលាសិល្បៈតន្រ្តី រួមជាមួយរូតថារីក្លឹបចតុមុខ»។
លោកបានបន្ដថា ថវិកាទាំងអស់នេះ នឹងត្រូវយកទៅផលិតសម្ភារល្ខោនខោល រួមទាំងការចំណាយក្នុងការរៀបចំព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យនាថៃ្ងខាងមុខ។ ដោយសារតែវិប្បត្តិជំងឺកូវីត១៩ ទាំងការផលិតសម្ភារ ទាំងការរៀបចំកម្មវិធី កំពុងជួបនូវការខ្វះខាតជាច្រើន និងត្រូវលើកពេលក្នុងការរៀបចំកម្មវិធីផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំកម្មវិធី បានប្ដេជ្ញាថានឹងរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឲ្យខានតែបាន ក្រោយវិប្បត្តិជំងឺកូវីត១៩ ត្រូវបានបញ្ចប់ ដើម្បីជាផ្នែកមួយក្នុងផ្សព្វផ្សាយ លើកស្ទួយ បង្ហាញពីកិត្យានុភាពនៃទម្រង់សិល្បៈបុរាណខ្មែរ និងចូលរួមថែរក្សាមរតកដូនតាឲ្យបានស្ថិតស្ថេរគង់វង្សជារៀងដរាប។
ជាមួយគ្នានោះ លោក ស៊ុប ស័ក្ខរា តំណាងឲ្យសាលាសិល្បៈហ៊្វូណន និងគណៈកម្មការព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជននានា ជាពិសេស សាលាសិល្បៈតន្រ្តី រូតថារីក្លឹបចតុមុខ ហាងលក់គ្រឿងអលង្ការ ជាង បាក់វណ្ណហុង និងសណ្ឋាគារអេសិន៕