(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានចុះហត្ថលេខា លើអនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពី ការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹង លើការទទួលបានហិរញ្ញប្បទាន របស់សហគ្រិនជាស្រ្តី នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។

អនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផល ឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោម សហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងនោះ បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ នឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំងបី ក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹង ផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិក ដែលជាសហគ្រិនស្រ្តី លើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផលធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹង លើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យម ពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លោកបណ្ឌិតបន្តថា «ក្រោមកិច្ចសហប្រតិបត្តិការនេះ សមាគមទាំងបី នឹងជួយចូលរួមផ្សព្វផ្សាយ និងការលើកកម្ពស់សមភាពយេនឌ័រ (Gender Equality) ហិរញ្ញប្បទានបៃតង (Green Loan) ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងទំនួលខុសត្រូវសង្គម (Social Responsibility) តាមរយៈការលើកកម្ពស់ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិនភាព»។

ស្របគ្នានេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែមដល់ការអភិវឌ្ឍ អាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។

លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងទំហំឥណទានសរុប ជាង ៧,៧៣០លានដុល្លារ។

លោកក៏បានគូសបញ្ជាក់ដែរថា ភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្រ្តី ដើម្បីពង្រីកអាជីវកម្មឲ្យបានកាន់តែធំជាងមុន។

លោកស្រីក៏បានលើកឡើងដែរថា ចំណេះដឹងសហគ្រិនស្រ្តីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទង នឹងការធ្វើបញ្ជីគណនេយ្យមួយ ដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ពិបាកក្នុងការផ្តល់កម្ចីដល់សហគ្រិនជាស្រ្តី ឲ្យបានតាមតម្រូវការ។

លោកស្រីបន្តថា ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុទាំងពីរ នឹងជួយពង្រឹងសមត្ថភាពដល់ស្រ្តី តាមរយៈការបណ្តុះបណ្តាល ឲ្យយល់ដឹងស៊ីជម្រៅ លើបញ្ជីគណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ ការកត់ត្រាចំណូលចំណាយឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់ សមាគមហិរញ្ញវត្ថុទាំងពីរ ជួយកែសម្រួលបែបបទ ក្នុងការផ្តល់ឥណទានដល់សហគ្រិនជាស្រ្តី ឲ្យបានកាន់តែធំទូលាយ មានភាពងាយស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ។
លោកស្រីក៏បានជំរុញលើកទឹកចិត្ត ដល់សហគ្រិនស្រ្តីចុះបញ្ជី ឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ដើម្បីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុកចិត្ត ពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕