(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ។
លោក អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃយុទ្ធនាការដំបូង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារចាប់ពីអាយុ ១២ ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ ដោយយុទ្ធនាការនេះ ចាប់ធ្វើទូទាំងខេត្តកំពង់ចាមតែម្ដង ដែលមានគោលដៅសរុបចំនួន ២៦គោលដៅ និងក្នុងផែនការមានកុមារមានអាយុក្រោម ១៨ឆ្នាំ មក១២ឆ្នាំ សរុបប្រមាណជាង១២ម៉ឺននាក់ ដែលត្រូវចាក់វ៉ាក់សាំងជូនពួកគាត់។
លោកអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមាររួចរាល់ អាជ្ញាធរខេត្តបានគិតគូរ រៀបចំបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនោះ អាជ្ញាធរខេត្ត និងធ្វើការផ្ទេរមណ្ឌលចត្តាឡីស័ក ពីសាលារៀនទៅកន្លែងផ្សេង ដែលអាជ្ញាធរខេត្តបានរៀបចំ សម្រាប់ដាក់ពលករមកពីក្រៅប្រទេសឱ្យធ្វើចត្តាឡីស័ក។ ចំណែកអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អាជ្ញាធរខេត្តនិងរៀបចំឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោមការគ្រប់គ្រងនិងរៀបចំ ចាត់ចែងតាមវិធានសុខាភិបាល ដោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច៕