(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ដែលលួចនាំយកកាំភ្លើងច្នៃប្រើហ្គាស ចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដោយកម្លាំងសមត្ថកិច្ចដកហូតកាំភ្លើងកែច្នៃចំនួន១៦ដើម និងកាំភ្លើងប្រើហ្គាសចំនួន៦ដើម ព្រមទាំងគ្រាប់កាំភ្លើងចំនួន៧៨គ្រាប់ផងដែរ។
មន្ត្រីការិយាល័យគយ និងរដ្នាករក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីឈ្មួញលួចដាក់បង្កប់ក្នុងរទះដឹកទំនិញលុះពេលដល់ទីតាំងត្រួតពិនិត្យ ក៏មានការសង្ស័យ ហើយបាន សហការជាមួយកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ចុះមកឆែកឆេររកឃើញអាវុធឆ្លងដែនខុសច្បាប់ (កាំភ្លើងប្រើហ្គាស) ហើយក៏បានឃាត់ខ្លួនជនជាតិវៀតណាមទាំង២នាក់ភ្លាមៗតែម្តង។
លោក ជា ដាមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ថា ជនសង្ស័យលួចនាំចូល ទី១ -ឈ្មោះ NGUYEN HONG PHUC អាយុ៣៧ឆ្នាំ រស់នៅប្រទេសវៀតណាម ទី២ -ឈ្មោះ BUI VAN MANH អាយុ២៦ឆ្នាំ រស់នៅប្រទេសវៀតណាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕