(រតនគិរី)៖ ទោះបីក្នុងបរិបទជំងឺកូវីដក៏ដោយ គណៈគ្រប់គ្រងផ្សារបានលុង បានរៀបចំសោភ័ណភាពផ្សារឲ្យត្រូវតាមស្តង់ដា និងសុំការយោគយល់ពីក្រុមអាជីវករ ក្នុងការបម្លាស់ទីពួកគាត់ទៅលក់លើចំណតរថយន្តមួយរយៈ។ នេះការជាបញ្ជាក់ឲ្យដឹងពីលោក ជួន សុផល គណៈគ្រប់គ្រប់ផ្សារបានលុង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។
លោក ជួន សុផល បន្តថាគណៈគ្រប់គ្រងផ្សារបានលុង បន្ទាប់ពីមានការប្រជុំពិភាក្សា និងចុះពិនិត្យការស្ថាបនាចាក់បេតុងបេនឡាន និងប្រព័ន្ធលូខាងមុខផ្សារក្រុងបានលុង រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបានលុង កាលពីពេលថ្មីៗកន្លងទៅនេះ។
បច្ចុប្បន្នកន្លែងចំណតឡានបានស្ថាបនាដាក់ប្រព័ន្ធលូ និងចាក់បេតុងរួចរាល់ជាស្ថាពរ ហើយពេលនេះ ខាងក្រុមហ៊ុនវិនិយោគផ្សារបានរៀបចំបម្លាស់ក្រុមអាជីវករ ទៅលក់នៅលើបេនរថយន្តផ្សារបណ្តោះអាសន្នសិន ដើម្បីយកកន្លែងដែលពុំទាន់ចាក់បេតុង ឬប្រព័ន្ធលូត្រឹមត្រូវរៀបចំស្ថាបនាឲ្យបានលឿន ដើម្បីកុំឲ្យខាតពេលវេលា និងរាំងស្ទះដល់ការលក់ដូររបស់ពួកគាត់ក្នុងផ្សារ។
ជាងនេះទៅទៀត ការបម្លាស់ទីលក់ដូរនេះ គឺសំដៅទៅលើការរៀបចំកន្លែងផ្សារជនជាតិដើមភាគតិច ដែលខាងក្រុមហ៊ុនវិនិយោគផ្សារ ក៏ដូចជាអាជ្ញាធរមានគម្រោងគិតគូរសាងសង់ឲ្យពួកគាត់អង្គុយលក់ដោយឥតគិតថ្លៃ និងលក់ក្រោមដំបូលដោយមិនមានការយកភាស៊ី ឬអនាម័យថែមទៀតផង។
ទន្ទឹមនោះដែរ លោក ជួន សុផល ក៏បានសំណូមពរដល់ក្រុមអាជីវករឲ្យមានការយោគយល់ ព្រោះការរៀបចំវាមិនអាចធ្វើម្តងទាំងអស់នោះទេ ពោលគឺស្ថាបនាតាមដំណាក់កាលបន្តបន្ទាប់៕