(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានប្រជុំការងារទេសចរណ៍ ជាមួយផ្នែកឯកជន ដើម្បីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» ឆ្នាំ២០១៦ នៅសណ្ឋាគារអង្គរ សេនជូរីក្រុងសៀមរាប។ ពិធីនេះក៏មានវត្តមាន លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្តសៀមរាបព្រមទាំងអ្នកចូលរួមមកពីវិស័យឯកជន ប្រតិបត្តិករទេសចរ, មគ្គុទ្ទេសទេសចរ, សិស្សនិស្សិត, សហភាពសហព័ន្ធយុវជនកម្ពុជា, មន្ត្រីរាជការតាមស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ប្រមាណជា ៣០០នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងដោយផ្ដោតលើការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទីក្រុងស្អាត ឆ្ពោះទៅព្រឹត្តិការណ៍ អង្គរសង្រ្កាន្ដ និងការធ្វើប្រតិភូកម្មការគ្រប់គ្រងមណ្ឌលកំសាន្ដទេសចរណ៍ មនុស្សពេញវ័យ ឲ្យទៅរដ្ឋបាលរាជធានី-ខេត្ត ដើម្បីមានភាពងាយស្រួលដល់ប្រតិបត្តិករ ទេសចរទាំងអស់ ធ្វើយ៉ាងណា ឲ្យសេវាកម្មបានខិតកាន់តែជិតប្រជាពលរដ្ឋ ពិសេស គឺការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online និងការចុះឈ្មោះមគ្គុទ្ទេសក៍ទេសចរ តាមប្រព័ន្ធ Online។
លោកបានសុំឲ្យរាល់សេវាកម្មទេសចរណ៍កុំឡើងថ្លៃអី ហើយត្រូវដាក់តម្លៃឲ្យគេដឹងផង យើងត្រូវចូលរួមទាំងអស់គ្នា ចំពោះការលក់ម្ហូបអាហារតាមដងផ្លួវ គឺជាការចូលរួមចំណែក ក្នុងការផ្ដល់សេវាដ៏ប្រសើមួយ តែសំខានគឺត្រូវធ្វើយ៉ាងម៉េចឲ្យមានការអនាម័យខ្ពស់ គឺចុងភៅអ្នកចំអិនម្ហូបត្រូវមានពាក់ស្រោមដៃ ហើយម្ហូបអាហារត្រូវគ្រប និងទុកដាក់ឲ្យបានល្អប្រសើរ ដើម្បីឲ្យមានការទុកចិត្តពីអតិថិជន រឿងនេះគឺខាងសុខាភិបាលត្រូវជួយ ចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំផងដែរ។
ព្រោះយើងចង់ឲ្យសៀមរាប ដែលជាតំបន់ទេសចរណ៍ ហ្នឹងមានការប្រែប្រួលប្រកបដោយគុណភាព និងស្ដង់ដារពិតប្រាកដ។ លោកបញ្ជាក់ថា បន្តិចទៀតគេនិយាយពី ទីក្រុងទេសចរណ៍ប៉ៃតងអាស៊ាន «Green Tourism City Asian» ដែលត្រូវប្រឡងនៅឆ្នាំ២០១៨ខាងមុខ រឿងនេះភាគច្រើនគេនិយាយពីសេវាទេសចរណ៍ ហើយពិន្ទុរបស់គេមិនដូច ទីក្រុងប៉ៃតង «Green City» របស់យើងទេ ព្រោះទីក្រុងប៉ៃតង យើងឲ្យតែ៧៧ពិន្ទុទេ តែទីក្រុងទេសចរណ៍ប៉ៃតងអាស៊ាន គឺមាន១២៨ពិន្ទុ គឺគេនិយាយពីពិន្ទុទេសចរណ៍ នៅក្នុងទីក្រុងទេសចរណ៍សំខាន់ៗ។
ជាថ្មីម្ដងទៀត លោកបានសុំឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងប្រតិបត្តិករទេសចរ ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺយកព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ជាធំសម្រាប់ការលើកកម្ពស់មោទនភាព ប្រទេសកម្ពុជា និងជាពិសេសសម្រាប់វិស័យទេសចរណ៍ជាតិ។ អីចឹងទាំងអស់គ្នាឆ្ពោះទៅរកព្រឹត្តិការណ៍ អង្គរសង្រ្កាន្ដ ដូច្នេះ ការរក្សាសុវត្ថិភាពម្ហូបអាហារ សន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ គឺសំខាន់ណាស់ ឲ្យមាននៅគ្រប់ទីកន្លែង ពិសេសនៅតាមបណ្ដាតំបន់រមណីដ្ឋានទេសចរណ៍នានា។
លោកបានបន្តថា៖ ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» នាឆ្នាំកន្លងទៅដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន គឺទទួលបានជោគជ័យ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ហើយបាននាំមោទនភាពថ្មីៗ សម្រាប់ជាតិមាតុភូមិ ផងដែរ។ លោកបញ្ជាក់ថា៖ សម្រាប់ព្រឹត្តិការណ៍ “អង្គរសង្រ្កាន្ដ” ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិទ ប៊ុន រ៉ានី ហ៊ុនសែន នឹងមានវត្តអញ្ជើញចូលរួម ផងដែរ ៕