(ភ្នំពេញ)៖ បេសកកម្មពីរថ្ងៃពេញស្ទើរគ្មានពេលសម្រាក ដោយផ្ដើមចេញពីព្រឹកព្រលឹមថ្ងៃទី០៧ ខែសីហា ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលោកតា លោកយាយ អាយុចាប់ពី១០០ឆ្នាំឡើង នៅខេត្តកំពង់ធំ, ស្ទឹងត្រែង, រតនគិរី និងខេត្តក្រចេះ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាដោយផ្ទាល់ដៃ។
អំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើងនេះ ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃ នៅតាមខ្នងផ្ទះទោះត្រូវធ្វើដំណើររយៈចម្ងាយឆ្ងាយក៏ដោយ។
ក្នុងបេសកកម្មដែលត្រូវធ្វើដំណើរជាង១,០០០គីឡូម៉ែត្រ ទើបទៅដល់គោលដៅនោះ លោកស្រី ឱ វណ្ណឌីន បានប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនលោកតា លោកយាយ ចំនួន៨នាក់។
នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានប្រគល់ជូនលោកតា លោកយាយ ចំនួន៥នាក់ រួមមាន៖
* ទី១៖ លោកតា អ៊ូ វង្ស អាយុ១០១ឆ្នាំ រស់នៅភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
* ទី២៖ លោកតា ស៊ូ អៀ អាយុ១០០ឆ្នាំ រស់នៅភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
* ទី៣៖ លោកយាយ ឡាយ តៃ អាយុ១០២ឆ្នាំ រស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
* ទី៤៖ លោកតា ក្លេម គឺ អាយុ១០៣ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ខេត្តរតនគិរី
* ទី៥៖ លោកតា ព្រាម ឡាំ អាយុ១០៨ឆ្នាំ ជនជាតិដើមភាគតិចទំពួន រស់នៅឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់ រួមមាន៖
* ទី១៖ លោកយាយ ណាយ វីត អាយុ១០៦ឆ្នាំ រស់នៅភូមិប៉ាងគិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី
* ទី២៖ លោកតា ស៉ី ឃី អាយុ១០១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំកោះជ្រែង ស្រុកចិត្របុរី ខេត្ដក្រចេះ
* ទី៣៖ លោកយាយ ផាន់ ថេន អាយុ១០១ឆ្នាំ រស់នៅភូមិបុស្សលាវលើ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជាការកត់សម្គាល់ ក្នុងបេសកកម្មលើកនេះ លោកយាយម្នាក់ឈ្មោះ ណាយ វីត ជាអ្នកដែលមានទីលំនៅឆ្ងាយជាងគេ។ ផ្ទះរបស់លោកយាយ រស់នៅក្បែរតំបន់កន្ទុយនាគ ស្ថិតក្នុងភូមិប៉ាងគិត ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដែលមានចម្ងាយប្រមាណជិត៥០គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី។
ក្នុងដំណើរនោះ ក្រុមការងារដែលដឹកនាំដោយ លោកស្រី ឱ វណ្ណឌីន ត្រូវធ្វើដំណើរឆ្ងាយកាត់ផ្លូវឡើងភ្នំ ចុះភ្នំ និងរអិលថែមទៀតផង ទើបទៅដល់គោលដៅដើម្បីប្រគល់អំណោយជូន លោកយាយ ណាយ វីត។ ដំណើរនេះត្រូវបានចាត់ទុកថា ជាសំណាងសម្រាប់ក្រុមការងារ ដោយសារមិនមានភ្លៀងធ្លាក់ ក្នុងករណីភ្លៀងធ្លាក់វិញ ច្បាស់ជាលំបាកជាងនេះទៅទៀត ដោយសារស្ថានភាពផ្លូវរអិលខ្លាំង ហើយឡើងចុះភ្នំ។
សូមជម្រាបថា ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា និងលោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកស្រី ឱ វណ្ណឌីន មិនភ្លេចនូវការសាកសួរអំពីមូលហេតុអ្វី ដែលនាំឲ្យលោកតា លោកយាយទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយតើការទៅចាក់វ៉ាក់សាំងនេះ មានការបង្ខិតបង្ខំពីអ្នកណាដែរឬទេ? ឬលោកតា លោកយាយ ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងនេះដោយខ្លួនឯង។
ជាការឆ្លើយតបលោកតា លោកយាយទាំងអស់ បានបង្ហាញនូវការយល់ឃើញរបស់ពួកគាត់ដូចៗថា មូលហេតុដែលនាំឲ្យពួកគាត់ ចង់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ព្រោះដោយសារបារម្ភខ្លាចឆ្លងនូវជំងឺដ៏សាហាវមួយនេះ។ ពួកគាត់ក៏បានបង្ហាញនូវការជឿចំពោះវ៉ាក់សាំងនេះផងដែរ ដែលបានដោយសារការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកតា លោកយាយ ដែលមានជន្មាយុជាង១០០ឆ្នាំទាំងអស់នេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យពួកគាត់អាចចាក់វ៉ាក់សាំង ហើយថែមទាំងផ្ដល់អំណោយជូនពួកគាត់នៅឱកាសនេះផងដែរ៕