(ព្រះវិហារ)៖ អាជ្ញាធរក្រុង-ស្រុកទាំង៨ នៃភូមិសាស្ត្រខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ដូសជំរុញ) ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះថា អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាល ចំនួន៦,២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

លោក គួង ឡូ បានថ្លែងបន្តទៀតថាថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេ ក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើសិនជាមានវិជ្ជមានកូវីដ
១៩។
លោកបានឱ្យដឹថាម្សិលមិញនេះ រដ្ឋបាលខេត្តបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្ត្រីរាជការជួរមុខ ហើយថ្ងៃនេះក្រុងស្រុកទាំង៨ ក្នុងខេត្តក៏បានចាប់ផ្តើមបើកយុទ្ធនាការចាក់ដូសទី៣ជូនមន្ត្រីជួរមុខផងដែរ។

 ដោយឡែកសម្រាប់ស្រុកឆែប ខេត្តព្រះវិហារ ដែលជាស្រុកមួយមានព្រំប្រទល់ជាប់ព្រំដែនប្រទេសឡាវ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ប្រភេទ AstraZeneca ជូនដល់មន្ត្រីជួរមុខនេះផងដែរ ក្រោមវត្តមានលោក សុខ សាន្ត តារ៉ា អភិបាលស្រុកនិងលោកប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទជាច្រើនរូបទៀត។

ក្នុងនាមក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក សុខ សាន្តតារ៉ា ថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញអោយមានអង្គបក្សដិបក្សក្នុងខ្លួនយើង ប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខរួមមាន៖ លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តទាំង៧ជាប់ព្រំដែនថៃ ហើយក្នុងនោះក៏មានខេត្តព្រះវិហារផងដែរ។

លោកអភិបាលស្រុកបានបន្តថា កន្លងមកយើងបានចាក់វ៉ាក់សាំងចំនួន២ដូស រួចរាល់ហើយ ចំពោះការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាដូសទី៣ ដូសបន្ថែមសម្រាប់ការពារមន្ត្រីជួរមុខរបស់យើងពីការឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទ Delta។ លោកក៏បានថ្លែងនូវការកោតសរសើរ ដល់មន្ត្រី ទាំងអស់ដែលអនុវត្តន៍បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តព្រះវិហារ ការពារបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ចេញវ៉ាក់សាំង ចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃចូលស្រុកខ្មែរវិញ។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕