(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល លោក សួស អង្គារ៍ បានប្រាប់សកម្មជនក្រុមបក្ស សាខាបក្សភូមិជាសមាជិកបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន និងបានប្រាប់ដល់សកម្មជនបក្ស ក្នុងឃុំទាំង២នៅស្រុកថ្មគោល ជម្រុញឲ្យធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា និងពន្លឿនចុះឈ្មោះធ្វើបញ្ជីបច្ចុប្បន្ន ភាពបក្សនៅតាមខ្នងផ្ទះឲ្យបានឆាប់ និងច្បាស់លាស់ ហើយត្រូវបញ្ចប់ត្រឹមដំណាច់ ខែមីនា២០១៦នេះ។
ការថ្លែងបែបនេះខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំជាមួយសកម្មជន មេក្រុមសាខាបក្សភូមិ នៅឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្មគោល នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល។ លោក សួស អង្គារ៍ បានបញ្ជាក់ថា «ប្រជាពលរដ្ឋយើងត្រូវធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា បើគ្មានអត្តសញ្ញាណប័ណ្ណទេ យើងមិនអាចទៅបោះឆ្នោតបានឡើយ ទន្ទឹមនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបើយើងមិនបានទៅចុះឈ្មោះបោះឆ្នោតទេ ក៏គ្មានសិទ្ធទៅបោះឆ្នោតបានដែរ ពីព្រោះយើងគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដូច្នេះបងប្អូនក៏ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដែរ»។
លោក សួស អង្គារ៍ បាបន្តថា សកម្មជនយើងទាំងអស់ត្រូវពន្លឿនធ្វើបច្ចុប្បន្នភាពបក្ស នៅតាមខ្នងផ្ទះនីមួយៗ ក្នុងភូមិឲ្យបានចប់សព្វគ្រប់នៅដំណាច់ ខែមីនានេះ ហើយត្រូវធ្វើ និងញែកយកតែឈ្មោះអ្នកនៅជាក់ស្តែងក្នុងគ្រួសារដូចជាផ្ទះមួយ មានឈ្មោះ៧នាក់ តែគាត់បានបែកទៅផ្ទះខាងប្រពន្ធ ឬខាងប្តីអស់២នាក់ ឬទៅរកស៊ីនៅខេត្តផ្សេង យើងស្រង់យកជាក់ស្តែងនៅសល់តែ៥នាក់បានហើយ ឬសមាជិកគ្រួសារថ្មីទើបមកនៅផ្ទះ ស្រដៀងគ្នានេះដែរ ក៏ត្រូវធ្វើដូចគ្នាជៀសវាងប៉ោងតួរលេខ ឬជាន់គ្នា ទាំងឈ្មោះបានផ្លាស់ចេញ និងផ្លាស់ចូលមានឈ្មោះទាំងសងខាងនោះ មិនត្រឹមត្រូវនោះទេ បានន័យថា សមាជិកគ្រួសារនៅជាក់ស្តែងប៉ុន្មានគឺចុះឈ្មោះ ក្នុងបញ្ជី បច្ចុប្បន្នភាពប៉ុណ្នឹងតាមជាក់ស្តែង។
លោក សួស អង្គារ៍ បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង ដែលថ្នាក់ដឹកដឹកនាំកំពូលតែងតែ នឹករលឹកដល់បងប្អូនប្រជាពលរដ្ឋយើងជានិច្ច។
លោក សួស អង្គារ៍ បានជម្រាបសកម្មជនសមាជិកបក្សទាំ២ឃុំថា យើងទាំងអស់គ្នាត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជ័យជម្នះនៅពេលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជាសកលឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកសាង និងអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត។ បន្ទាប់ពីបានប្រជុំចប់ គណអធិបតីក៏បានចែកជូនថវិកាដល់សកម្មជនសម្រាប់បម្រើការងារនេះ ក្នុងចំនួន៨០នាក់ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល ហើយក្រុមការងារក៏បានចុះតាមខ្នងផ្ទះផ្ទាល់ ដើម្បីស្រង់ឈ្មោះធ្វើបច្ចុប្បន្នភាព ចុះបញ្ជីនៅព្រឹកថ្ងៃដដែលក្នុងឃុំទាំង២ បានមួយចំនួនផងដែរ៕