(ភ្នំពេញ)៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣ ដែលជាដូសជំរុញជូនដល់មន្ត្រីនិងក្រុមគ្រូពេទ្យជួរមុខក្នុងខេត្ត ៧ ដែលប្រឈមមុខខ្លាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ជាពិសេសវីរ៉ុសកូវីដប្រភេទថ្មីដែលតាដែលរួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងកោះកុង។ ការណ៍នេះបានធ្វើឱ្យកម្ពុជាដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ានបន្ទាប់ពីសឹង្ហបុរីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនជាងគេរួចស្រេចទៅហើយនោះ ក្លាយជាប្រទេសទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនជាការចៃដន្យឡើយ តែវាបានកើតចេញពីភាពជាអ្នកដឹកនាំនិងការគិតគូរគ្រប់ជ្រុងជ្រោយរបស់មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំកសាងខឿនសុខុមាលភាព ប្រជាពលរដ្ឋដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនិង មិនទាន់មានថ្នាំព្យាបាលនេះ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមយុទ្ធសាស្ត្រផ្ការីកគឺជាយុទ្ធសាស្ត្រដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាងខ្សែក្រវ៉ាត់ការពារអាយុជីវិតប្រជាពលរដ្ឋ។ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មាន ៧៨,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ កម្ពុជាក៏ត្រូវបានគេដឹងថាជាប្រទេសដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យកុមារនិងក្មេងជំទង់អាយុក្រោម១៨ឆ្នាំក្នុងនោះមានចិនសហរដ្ឋអាម៉េរិក សិង្ហបុរី អ៉ីស្រាអែល ស៊ីលី បារាំង ហូឡង់ ដាណឺម៉ាក ឥណ្ឌូណេស៊ី អេស៉្បាញជាដើម។ សមិទ្ធផលនេះបានបញ្ចាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការការពារជីវិតប្រជាពលរដ្ឋ របស់ខ្លួន និងភាពដឹកនាំនៃមេដឹកនាំប្រទេស កម្ពុជាផងដែរ។
ដោយសារតែភាពជាអ្នកដឹកនាំនិងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ទើបពលរដ្ឋកម្ពុជាមានភ័ព្ទសំណាងទទួលបានការចាក់វ៉ាក់សាំង ហើយឥឡូវក្រុមគ្រូពេទ្យ និងមន្ត្រីរាជការព្រមទាំងអ្នកបំពេញការងារនៅជួរមុខបានទទួលការចាក់វ៉ាក់សាំងដូចទី៣ ជាដូសជំរុញថែមទៀត ខណៈប្រទេសខ្លះមិនទាន់បានចាក់វ៉ាក់សាំងផង។ ការជ្រើសរើសយកប្រទេសចិនជាមិត្ត ដែកថែមក្នុងការធ្វើជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល អរគុណសម្តេចតេជោដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជាក៏ថ្លែងអំណរគុណដល់ប្រទេសជាមិត្តផ្សេងទៀតដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជាទាំងជាជំនួយទ្វេភាគីនិងជំនួយតាមយន្តការកូវ៉ាក់។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា ការគ្រប់គ្រងបានល្អឬមិនបានល្អលើការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មិនអាស្រ័យលើប្រទេសតូចឬធំនោះទេ តែអាស្រ័យលើទេពកោសល្យនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសនីមួយៗ។
បទពិសោធនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំមកនេះរួមនឹងការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលឈាន មុខគេលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយចាប់ផ្តើមពីកេរ្តិ៍ឈ្មោះល្បីរន្ទឺ «ប្រទេសតូច តែបេះដូងទូលាយ» ជាមួយការអនុញ្ញាតឱ្យនាវាវេស្ទែដាំចូលចតនិងជួយសង្គ្រោះអ្នកដំណើររាប់ពាន់នាក់ កម្ពុជាក៏ត្រូវបានកោតសរសើរថាបានគ្រប់គ្រងបានល្អលើស្ថានភាពនៃជំងឺកូវីដ១៩ បានជាងមួយឆ្នាំដោយមិនបានឆ្លងក្នុងសហគមន៍និងស្លាប់បាត់បង់ជីវិតមនុស្ស ខណៈ ពិភពលោក រួមនឹងប្រទេសជិតខាងកម្ពុជារងមូវការឆ្លងរីករាលដាលខ្លាំង និងមានការស្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាក៏ជាប់ឈ្មោះជាប្រទេសបេះដូងមនុស្សធម៌ដែលផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងជនជាតិខ្មែរនិងជនបរទេសដោយឥតគិតថ្លៃ និងបានផ្តល់ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទាំងអស់នៅកម្ពុជាទាំងជនជាតិខ្មែរនិងបរទេស។ ការគិតគូររបស់រាជរដ្ឋាភិបាលមិនត្រឹមតែការពារអាយុជីវិតពលរដ្ឋ ការគិតគូរពីការលំបាកក្នុងជីវភាព តែបានគិតគូររហូតដល់ការផ្តល់នូវការគោរពចំពោះសាកសពរបស់អ្នកស្លាប់ដោយជំងឺកូវីដ១៩ផងដែរ។
ជាតិនិងប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានកុលបុត្រខ្មែរដ៏ឆ្នើមដូចជាសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស។ កាលពី អតីតកាល សម្តេចតេជោ បានយកជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិនិងសង្គ្រោះជីវិតប្រជាជនពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ស្តារនិងកសាងប្រទេសកម្ពុជាចេញពីឈាមនិងទឹកភ្នែកដោយបាតដៃទទេ មិនត្រឹមតែប៉ុណ្ណោះបាន បញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជាតាមរយៈការដាក់ចុះនូវនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍ ហើយឥឡូវនេះ នៅពេលជាតិនិងប្រជាជនត្រូវបានយាយីនិងស្ថិតនៅមាត់ជ្រោះមរណៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ឧសគ្គ និងបានខ្នះខ្នែងយ៉ាងខ្លាំងក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះពិតជាភ័ព្ទសំណាងរបស់កម្ពុជាពិតប្រាកដមែន។ ដោយសារតែភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែននេះហើយ ទើបមកដល់ពេលនេះកម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំតាមរយៈវិធានការរដ្ឋបាល វិធានការសុខាភិបាល និហយុទ្ធសាស្ត្រវ៉ាក់សាំងការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩៕
ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១