(ភ្នំពេញ)៖ អតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យហាវឺដ (Harvard University) របស់សហរដ្ឋអាមេរិក លោក ហឿន សំនៀង បានគូសបញ្ជាក់ថា បញ្ញវន្តដែលទទួលបានការសិក្សាអប់រំជ្រៅជ្រះ ប៉ុន្តែមិនមានសីលធម៌ និងគុណធម៌ ប្រៀបដូចមានកាំបិតទៅលួចប្លន់សង្គមជាតិ។
លោក ហឿន សំនៀង ដែលបច្ចុប្បន្នជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់បែបនេះ ក្នុងពេលលោកអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពី «ការរៀបចំខ្លួនឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១» នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ។
សិក្ខាសាលានេះបានធ្វើឡើងពេញមួយព្រឹកដោយមានការនិមន្ត និងអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស មានព្រះកិត្តិនាម និងកេរ្តិ៍ឈ្មោះក្នុងសង្គម ៣អង្គ/រូប រួមមាន៖ ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប, លោក ហ្សង់ ហ្រ្វង់ស័រ តាន់ នាយកការផ្សាយជាភាសាខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ (RFI) និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។
សិក្ខាសាលាធ្វើឡើងតាមប្រព័ន្ធ Zoom នេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីកិត្តិយសដោយលោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូក ប្រធានមូលនិធិអៀង និងជាសហស្ថាបនិកគម្រោងលំនៅឋាន អារ៉ាខាវ៉ា និងមានចូលរួមស្តាប់តាមកម្មវិធីហ្សូម (ZOOM) និង pages សរុបជា ២,៦០០នាក់។
សិក្ខាសាលាដែលរៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីការអភិវឌ្ឍសង្កម(YVSD) សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្វើឡើងក្នុងគោលបំណងចំនួន៤រួមមាន៖
ទី១៖ ផ្តល់ឱកាសប្រគេនព្រះវាគ្មិន-ជូនវាគ្មិនកិត្តិយស ជាបញ្ញវន្តចាស់វស្សា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ធ្វើការចែករំលែកពុទ្ធិ គតិបណ្ឌិត និងបទពិសោធល្អៗ លើប្រធានបទ «បញ្ញវន្ត តម្លៃបញ្ញវន្ត និងតួនាទីរបស់បញ្ញវន្តក្នុងសង្គមខ្មែរ»។
ទី២៖ បង្កើតជាវេទិកាតម្រង់ទិសដល់សិស្ស-និស្សិត និងយុវជន ដើម្បីត្រៀមខ្លួនបានល្អក្នុងការក្លាយជាបញ្ញវន្តសតវត្សទី២១ ដ៏មានសក្តានុពល និងយល់ច្បាស់ពីតួនាទី គោលការណ៍ ភារកិច្ច និងការទទួលខុសត្រូវរបស់បញ្ញវន្តចំពោះសង្គមជាតិរបស់ខ្លួន។
ទី៣៖ ការជួបជុំចែករំលែកនេះ ក៏ចង់បង្ហាញពីការរីកចម្រើនធនធានមនុស្សរបស់កម្ពុជានាពេលបច្ចុប្បន្ន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
ទី៤៖ ជំរុញវប្បធម៌នៃការចែករំលែកចំណេះដឹង គតិបណ្ឌិត និងបទពិសោធន៍ សំដៅពង្រីកការយល់ដឹង និងការអភិវឌ្ឍខ្លួន ស្របតាមការវិវត្តរបស់សង្គមជាតិ និងសកលលោក។
សិក្ខាសាលានេះ វាគ្មិនទាំង៣អង្គ/រូប បានចែករំលែកយ៉ាងក្បោះក្បាយលើប្រធានបទផ្សេងៗគ្នា។ ក្នុងនោះ ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម បានបកស្រាយលើប្រធានបទ «អ្វីទៅជាបញ្ញវន្ត?», លោក ហ្សង់ ហ្រ្វង់ស័រ តាន់ បកស្រាយលើប្រធានបទ «បញ្ញវន្ត និងនយោបាយ» ខណៈលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បកស្រាយលើប្រធានបទ «តម្លៃបញ្ញវន្តក្នុងសង្គម»។
ក្រៅពីការបកស្រាយលើប្រធានបទដែលបានកំណត់វាគ្មិនទាំង៣អង្គ/រូប បានបកស្រាយទៅលើសំណួររបស់អ្នកសម្របសម្រួល និងអ្នកចូលរួមយ៉ាងផុលផុស។
លោក ហឿន សំនៀង បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់ព្រះគ្រូវាគ្មិន និងវាគ្មិនកិត្តិយស និងការចូលយ៉ាង សកម្មពីអង្គពិធី។ នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនរូបនេះ ក៏បានទាញនូវចំណាប់អារម្មណ៍ និងរំលេចនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ញវន្តនេះផងដែរ។
លោក ហឿន សំនៀង បានលើកឡើងថា បញ្ញាវន្ត ជារាជទូត ឬជាទូតតំណាងឱ្យជាតិសាសន៍ ប្រទេសរបស់ខ្លួន និងជាមុខមាត់របស់ប្រទេសជាតិ។ ជាក់ស្តែងពេលបញ្ញវន្តខ្មែរទៅរៀនឯបរទេស បើគេដឹងថាជាខ្មែរ គេកោតសសើរ នៅពេលគេស្គាល់ប្រវត្តិ និងវប្បធម៌ខ្មែរទៀត ពួកគេកាន់តែកោតសសើរថែមទៀត។ នេះជាទូតដែលមិនត្រឹមតែតំណាងឱ្យអ្នកចេះដឹង និងជាធនធានជាតិប៉ុណ្ណោះទេ ថែមទាំងជាទូតតំណាងឱ្យប្រពៃណី វប្បធម៌ សាសនា និងអ្វីៗផ្សេងទៀតរបស់ជាតិសាសន៍។
អតីតនិស្សិតពីសកលវិទ្យាល័យ Harvard និងសកលវិទ្យាល័យ Ambrose សហរដ្ឋអាមេរិករូបនេះ បានបន្ថែមថា បញ្ញវន្តជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរឈានទៅបើកយកសក្តានុពលរបស់ប្រទេស មានន័យថា «ទីណាមានបញ្ញវន្តច្រើន ទីនោះមានការរីកចម្រើនជឿនលឿន»។
«សង្គមជាតិមួយមិនអាចរីកចម្រើនដោយខ្វះធនធានបញ្ញវន្តនោះឡើយ បញ្ញវន្តកាន់តែច្រើន សង្គមជាតិទាំងមូលកាន់តែភ្លឺស្វាង រីកចម្រើន និងរឹងមាំ។ សមដូចបុរាណពោលថា អ្នកមានបញ្ញាឈ្មោះថា ជាបុគ្គលមានពន្លឺទាំងយប់ទាំងថ្ងៃ។ បញ្ញវន្តជាពន្លឺ និងជាទីសង្ឃឹមនៃសង្គមជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហឿន សំនៀង។
លោក ហឿន សំនៀង ក៏បានលើកឡើងផងដែរ ពីការផ្សារភ្ជាប់គ្នារវាងបញ្ញវន្ត ជាមួយសីលធម៌ និងគុណធម៌។ លោកបានលើកឡើងថា ដោយសារបញ្ញវន្តជារាជទូតតំណាងជាតិផង និងជាទីសង្ឃឹមរបស់សង្គមជាតិ ដូច្នេះក្រៅពីមានជំនាញ និងចំណេះដឹងជ្រៅជ្រះ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយហើយនោះ បញ្ញវន្តក៏ត្រូវមានសីលធម៌ និងគុណធម៌ដ៏រឹងមាំផងដែរ ដើម្បីជួយទ្រទ្រង់ចរន្តសង្គម ឱ្យមានការរីកចម្រើនជឿនលឿន តែមិនឃ្លេងឃ្លោង បាត់បង់តម្លៃសីលធម៌ គុណធម៌ វប្បធម៌ សាសនា ប្រពៃណី និងអត្តសញ្ញាណជាតិពូជសាសន៍របស់ខ្លួន។
លោកបន្ថែមលើចំណុចនេះថា បើបញ្ញវន្តមានតែវិជ្ជា និងខ្វះសីលធម៌ វាអាចជាគ្រោះសម្រាប់សង្គមជាតិវិញក៏ថាបាន។ ព្រោះថា ចំណេះវិជ្ជាប្រៀបដូចជាកាំបិត បើយកទៅចិតបន្លែដាំស្ល និងធ្វើអ្វីៗជាប្រយោជន៍ល្អ ក៏បានជាប្រយោជន៍ល្អច្រើន តែបើកាំបិតយកទៅកាប់សម្លាប់ ឬលួចប្លន់ ក៏ទៅជាគ្រោះ ជាទោសវិញដែរ។ យ៉ាងណាមិញ ចំណេះវិជ្ជារបស់បញ្ញវន្តក៏ដូច្នោះដែរ បើបញ្ញវន្តមានសីលធម៌ និងគុណធម៌ ប្រៀបដូចមានកាំបិតយកទៅបម្រើដល់ប្រយោជន៍ល្អ តែបើបញ្ញវន្តមិនមានសីលធម៌ គុណធម៌ទេ ប្រៀបដូចមានកាំបិតសម្រាប់លួចប្លន់សង្គមជាតិដូច្នោះដែរ។
ក្នុងឱកាសនោះលោក ហឿន សំនៀង បានលើកឡើងផងដែរថា «បើបញ្ញវន្តយកចំណេះដឹង និងសមត្ថភាព ទៅបម្រើឱ្យបុគ្គល បុគ្គលនឹងបានផលច្រើន បើយកទៅបម្រើ ឱ្យគ្រួសារ គ្រួសាររមែងបានផលច្រើន បើយកចំណេះដឹង និងសមត្ថភាពនោះៗ ទៅបម្រើជាតិ ជាតិនឹងបានផល ច្រើនពីបញ្ញវន្ត»។
លោក ហឿន សំនៀង បានសង្កត់លើចំណុចនេះ ការសម្រេចថា តើនឹងត្រូវប្រើប្រាស់ចំណេះដឹង និងសមត្ថភាពដែលបានមកដោយលំបាក ទៅបម្រើឱ្យបុគ្គល គ្រួសារ ឬសង្គមជាតិ? ជាការសម្រេចរបស់បញ្ញវន្ត។ ក៏ប៉ុន្តែបញ្ញវន្តត្រូវចាំថា បើបញ្ញវន្តយកចំណេះនោះទៅបម្រើជាតិ ជាតិនឹងបានផលល្អច្រើនពីអ្នក ហើយជាតិនឹងចងចាំអ្នក និងចាត់ទុកអ្នក ជាអ្នកមានគុណសម្រាប់ជាតិ៕