(ភ្នំពេញ)៖ កុមារ និងយុវវ័យ ដែលមានអាយុពី១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ គិតមកដល់ល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានប្រមាណជាង១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារ និងយុវវ័យ រស់នៅរាជធានីភ្នំពេញ ដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់។
តួរលេខនេះបានបង្ហាញឱ្យដឹង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមើលសកម្មភាពនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ នារសៀលថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លា និងលោកអភិបាលខណ្ឌសែនសុខ ក៏ដូចខណ្ឌដទៃទៀតដែរ ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេសកុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ និងឪពុកម្ដាយ អោយពួកគាត់បានជ្រាប អំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែង ចំពោះប្រជាជនកម្ពុជា។
លោកបញ្ជាក់ទៀតថា៖ កន្លងមកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា, ខណៈដែលមានមនុស្សអគតិខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។
បន្ថែមពីនេះ សម្ដេចនៅបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនកុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួន មិនទាន់នឹងបានចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សចាស់នៅឡើយផងទេ។ តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំង ជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនៅបានចាក់ដល់កុមារ និងយុវវ័យ អាយុពី១២ឆ្ នាំទៅ១៧ឆ្នាំថែមទៀត ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង ១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំ ទៅ១៧ឆ្នាំនេះ។ ដូច្នេះ អាជ្ញាធរសង្កាត់ និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារ និងយុវវ័យទាំងអស់ ឱ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនេះ។
បើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង «នៅរសៀលថ្ងៃទី០៨ សីហានេះ ដែរថា សម្រាប់រាជធានីភ្នំពេញ កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ ខែសីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»។
លោកបានឱ្យដឹងថា នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕