(បរទេស)៖ ដោយសារតែវីរុសបំប្លែងថ្មីៗនៃ COVID-19 បានលេចឡើង ជាពិសេសវីរុសបំប្លែងថ្មី Delta ដែលកំពុងរាតត្បាតខ្លាំង ហើយទោះបីជាមានការខំប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំង នៅជុំវិញពិភពលោកក៏ដោយនោះ ករណីឆ្លងនៃជំងឺនេះហាក់នៅតែកំពុងកើនឡើងឥតឈប់ឈរ។ ប្រការនេះបានញ៉ាំងឲ្យប្រទេសជាបន្តបន្ទាប់ ចាប់ផ្តើមសម្រេចចិត្តអនុញ្ញាតឲ្យមាន ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាជនពួកគេ។ នេះបើតាមការដកស្រង់ការផ្សាយពី វែបសាយបរទេសចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។
កន្លងមកនេះ អ៉ីស្រាអែល និងឥណ្ឌូណេស៉ី បានក្លាយជាប្រទេសទី១ និងប្រទេសទី២ ដែលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ក្នុងប្រទេសពួកគេ ហើយឥឡូវកម្ពុជាបានក្លាយជាប្រទេសបន្ទាប់គឺទី៣ នៅលើពិភពលោក ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះតែម្តង។ ដោយឡែក ហុងគ្រី និងរុស្ស៉ី ក៏បានអនុញ្ញាតឲ្យមានការអាចចាក់វ៉ាក់សាំងដូសទី៣ដែរ ប្រសិនបើអ្នកដែលបានចាក់វ៉ាក់សាំង ២ដូសពេញលេញ មានបំណងចាក់ដូសជំរុញ។
សម្រាប់ប្រទេសមួយចំនួនទៀតវិញ បានប្រកាសថានឹងធ្វើដូចគ្នា។ ក្នុងនោះ អេមីរ៉ាត់អារ៉ាប់រួម ធ្លាប់បានប្រកាសកាលពីខែមេសាកន្លងទៅថា ខ្លួននឹងផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ប្រជាជន នៅរយៈពេល៦ខែ ក្រោយការចាក់ពីរដូចរួចរាល់។ ប្រទេសអឺរ៉ុប ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង កំពុងត្រៀមចាប់ផ្តើមការចាក់ដូសជំរុញនេះនៅខែកញ្ញា។ រីឯស្វីសនិងស៊ុយអែត គ្រោងចាក់ដូសទី៣ នៅប៉ុន្មានខែខាងមុខ ឬនៅឆ្នាំ២០២២ បើចាំបាច់ ខណៈសិង្ហបុរីបានប្រកាសកាលពីខែមុនថា ការចាក់វ៉ាក់សាំងដូសទី៣ អាចនឹងចាប់ផ្តើមក្នុងប្រទេសខ្លួន នៅកំលុងបុណ្យចូលឆ្នាំប្រពៃណីចិន នាឆ្នាំក្រោយ គឺខ្ទង់ខែកុម្ភៈ។
គួរបញ្ជាក់ថា យោងតាមវែបសាយ worldometers ចំនួនករណីឆ្លង COVID-19 នៅទូទាំងពិភពលោក បានកើនដល់ជាង២០៣លាននាក់ ក្នុងនោះមានអ្នកស្លាប់៤.៣លាននាក់ ហើយអត្រាឆ្លងនិងស្លាប់ក្នុងមួយថ្ងៃ គិតជារួមនៅលើសកលលោក គឺស្ថិតនៅកម្រិតខ្ពស់គួរឲ្យបារម្ភមួយដដែល៕