(ព្រៃវែង)៖ ទោះបីជារាជរដ្ឋាភិបាលចេញបម្រាមនានាចំពោះការជួបជុំគ្នាច្រើន ពិសេសការជួបជុំប្រព្រឹត្តអំពើល្បែងស៉ីសង សេធគ្រឿងស្រវឹងយ៉ាងណាក៏ដោយ ក៏ម្ចាស់សង្វៀនជល់មាន់មួយកន្លែងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅតែល្មើសនឹងបម្រាមទាំងនេះយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចរអានឹងការឆ្លងជំងឺកូវីដ១៩ សោះឡើយ។
យោងតាមសេចក្តីរាយការណ៍បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ដំបូងឡើយមានអ្នកសារព័ត៌មានមួយក្រុមបានចុះផ្សាយផ្ទាល់នៅទីតាំងបើកសង្វៀនជល់មាន់ របស់ឈ្មោះ រិន ដែលជាមន្ត្រីយោធា បើកលេងជាច្រើនឆ្នាំមកហើយ គ្មានអាជ្ញាធរសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះឡើយ ខណៈដែលចុះថតឡាយ ត្រូវបានម្ចាស់សង្វៀនបញ្ជល់មាន់ និងអាប៉ោង ដេញវាយទាញយកកាមេរ៉ា ទូរស័ព្ទ ធ្វើឲ្យអ្នកសារព័ត៌មានរត់បាតជើងសព្រាត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងជល់មាន់បើកលេងជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ គឺស្ថិតនៅភូមិព្រែកគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងដែលមានលេងល្បែងជល់មាន់ និងអាប៉ោងស្រែកហ៊ោកញ្ជ្រៀវ។
ពាក់ព័ន្ធករណីនេះ លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះថា ពិតជាមានករណីប្រតាយប្រតប់គ្នាជាមួយ អ្នកសារព័ត៌មានកាលពីម្សិលមិញពិតមែន ហើយលោកបានហៅភាគីទាំងពីរមកណែនាំ និងសម្របសម្រួលគ្នារួចរាល់ហើយដែរ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ នៅទីតាំងខាងលើនេះមិនទាន់បានបានបើកលេងល្បែងទេ ស្របពេលនោះមានអ្នកសារព័ត៌មានមួយក្រុមចុះទៅឡាយផ្ទាល់ ធ្វើឲ្យម្ចាស់ផ្ទះឃើញ ក៏ស្ទុះទៅដណ្ដើមយកទូរស័ព្ទ កុំឲ្យឡាយ ក៏មានការប្រតាយប្រតប់គ្នាបន្តិចបន្តួច បណ្តាលឲ្យមានការជ្រុះទូរស័ព្ទ ហើយសមត្ថកិច្ចក៏បានហៅមកសម្របសម្រួលគ្នា មិនបានប្ដឹងផ្តល់អ្វីនឹងគ្នាទេ គឺបានបញ្ចប់រួចរាល់ហើយ។
លោកបានបន្ដថា ការលេងល្បែងស៉ីសងនេះវាមានពិតមែនតែលេងរបៀបលួចឆ្មក់តិចតូច ក្រោយមកកម្លាំងនគរបាលក៏បានចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ កន្លងមក ការលេងល្បែងនេះ គឺលេងតាមណាត់គ្នាតាមទូរស័ព្ទ នៅទីតាំងមិនច្បាស់លាស់ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្ក្រាប ហើយវិធានការចំពោះមុខ សមត្ថកិច្ចនឹងដាក់កម្លាំងឃ្លាំមើលជាប្រចាំ និងស្រាវជ្រាវអ្នកដែលធ្លាប់លេងល្បែង ដើម្បីយកមកអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់លេងល្បែង តទៅទៀត ហើយបើមិនព្រមឈប់ទេនឹងអនុវត្តតាមវិធានការច្បាប់។
ពលរដ្ឋមួយចំនួននៅស្រុកកំពង់ត្របែក បានសំណូមពរលោកស្នងការនគរបាលខេត្តព្រៃវែង សូមមានវិធានការចំពោះពីទីតាំងបញ្ជល់មាន់ និងល្បែងអាប៉ោងខាងលើឲ្យមានប្រសិទ្ធភាពផង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងក៏ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាពផងដែរ៕