(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាង ២០០នាក់ ដែលជាពុទ្ធបរិស័ទ ចំណុះជើងវត្តអង្គសេរី ស្ថិតនៅក្នុងភូមិសេរី ឃុំខុន រ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានលើកគ្នាមកកាន់វត្តអង់សេរី ដើម្បីតវ៉ា សុំឲ្យអាជ្ញាធរ បណ្ដេញលោកចៅអធិការវត្ត និមន្តចេញពីវត្ត ដោយពួកគាត់បានចោទប្រកាន់ថា ព្រះសង្ឃអង្គនេះបានប្រព្រឹត្តខុសជាច្រើន និងបានធ្វើឱ្យអាប់ឱនដល់វិស័យព្រះពុទ្ធសាសនាផងដែរ។

ជួបជាមួយក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង ពួកគាត់បានបញ្ចេញមតិយោបល់រៀងៗខ្លួនសម្ដែង នូវការមិនពេញចិត្តជាមួយលោកចៅអធិការវត្ត ព្រះនាម ប៊ូ ច័ន្ទមុន្នី ដោយពួកបានផ្តល់កិច្ចសម្ភាសន៍លើកឡើង រៀងៗខ្លួនដូចខាងក្រោមនេះ៖

*រយៈពេល៥ឆ្នាំកន្លងមកហើយលោកចៅអធិការ គង់នៅក្នុងវត្តមិនបានកសាងអ្វីឡើយ គឺលោកមានរឿងជាច្រើនដូចជា បច្ច័យបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យកឋិន បុណ្យផ្កា បច្ច័យបានមកពីពុទ្ធបរិស័ទមកធ្វើបុណ្យក្នុងវត្ត លោកយកបច្ច័យទាំងអស់ទុកចាយ វាយផ្ទាល់ខ្លួន អត់បានកសាងអ្វីទេ។

*ក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិចុះជួយមូលដ្ឋានដែលជាសប្បុរសជនបានជួយកសាងសាលាឆាន់ លោកមិនគាំទ្រ និងមិនឯកភាពអោយគេធ្វើនោះទេ។ មិនតែប៉ុណ្ណោះពេលធ្វើពិធីក្រុងពាលីលើក ជវាប្រក់ដំបូលសាលាឆាន់លោកមកឃាត់ជាងមិនឱ្យធ្វើ តែប្រជាពលរដ្ឋចេះតែជំនះធ្វើទើបប្រក់បានដំបូលមួយចំនួន។

*ម្យ៉ាងទៀត លោកព្យាបាលជំងឺអ្នកមកពីខេត្តឆ្ងាយៗក្នុងវត្ត ឲ្យគេស្នាក់នៅក្នុងវត្តជាច្រើននាក់កន្លងមក មិនគិតពីហានិភ័យ នៃការឆ្លងជម្ងឺកូវីដ។ លោកយកកូនអ្នកស្រុក៤នាក់ មកបំបួសអត់ច្បាប់អត់ឆៃយ៉ា ពេលលោកដើរបិណ្ឌបាត អ្នកស្រុកមិនគាំទ្រ។ លោកគ្មានសីលធម៌ ដាក់មេក្រូជេរដៀលរដ្ឋអំណាច ចាក់មេក្រូស្តាប់បទចម្រៀងភ្លេងការ អូនបង, សូត្រធម៌ឥណ្ឌា មន្តអាគមអូមអាមដាក់មេក្រូ អួតអាងខុសវិន័យសង្ឃ។

*លោកឈ្លោះជេរគ្នាអាមឹងជាមួយប្រជាពលរដ្ឋក្នុងវត្ត រួចប្តឹងប្រជាពលរដ្ឋទៅនគរបាលស្រុកចោទថា ប៉ុនប៉ងធ្វើឃាតលោក។ លោកមិនទទួល ការនិមន្តអញ្ជើញទៅធ្វើបុណ្យទានតាមផ្ទះទេ ពេលខ្លះទទួលគេហើយបែរជាមិននិមន្តទៅ ធ្វើឱ្យគេចាំរហូតហួស ពេលធ្វើបុណ្យ។ ប្រជាពលរដ្ឋ៩០ភាគរយ មិនពេញចិត្តជាមួយលោក គឺអត់ចូលក្នុងវត្តធ្វើបុណ្យ៥ឆ្នាំហើយ។

*កន្លងមកនគរបានមកសុំបូមទឹកអណ្ដូងក្នុងវត្តអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះ តែលោកមិនអនុញ្ញាតឲ្យបូមទឹកពីអណ្ដូងក្នុងវត្តទេ។ លោកធ្លាប់យកសពអ្នកកើតជំងឺកូវីដ ប្រុងបូជាក្នុងវត្ត ប្រជាពលរដ្ឋតវ៉ាមិនឲ្យបូជា។ លោកធ្លាប់ប្ដឹងកូនអ្នកស្រុក ដែលបានបួសខុសច្បាប់រហូតដល់ឆ្កួត គឺប្តឹងចាប់ដាក់គុកដល់សព្វថ្ងៃនេះ។ ប្រជាពលរដ្ឋធ្លាប់ប្ដឹងទៅធម្មការស្រុកខេត្ត និងមេគណស្រុក ២,៣ដងហើយ និងបានមកធ្វើការដោះស្រាយដែរ តែលោកមិនព្រមនិមន្តចេញពីវត្តឡើយ បើទោះបីមានលោកចៅអធិការចំនួន ២៧វត្តនៅក្នុងស្រុកបរិបូណ៌ផ្ដិតមេដៃសុំឲ្យលោកនិមន្តចេញពីវត្តអង្គសេរីនេះ ក៏លោកមិនព្រមចេញដែរ។

*ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងស្ថាប័នគ្រប់ជាន់ថ្នាក់សុំឱ្យដកចេញពីវត្ត បើពុំនោះទេប្រជាពលរដ្ឋជាង២០០គ្រួសារ ឈប់មានជំនឿទៅលើអាជ្ញាធរចាប់ពីពេលនេះតទៅ។ ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ លោកចៅអធិការព្រះនាម ប៊ូ ច័ន្ទមុន្នី ព្រះជន្ម៤២ព្រះវស្សា បានបំភ្លឺចំពោះមុខក្រុមអ្នកសារព័ត៌មានថា ពីមុនព្រះអង្គគង់នៅវត្តត្រពាំងចាន់ ហើយនិមន្តមកគង់ក្នុងវត្តអង្គសិរីនេះនៅឆ្នាំ២០១៨ តាមការនិមន្តរបស់លោកមេឃុំ ចាន់ អាន និងប្រជាពលរដ្ឋដែលបានផ្តិតមេដៃប្រមាណជា៦០នាក់ សុំឱ្យលោកនិមន្តមកគង់ក្នុងវត្តនេះ។ ព្រះអង្គត្រូវបានតែងតាំងជាគ្រូចៅអធិការវត្តនៅឆ្នាំ២០២០។

ចំពោះការចោទប្រកាន់ខាងលើនេះ ព្រះអង្គបានមានសង្ឃដីកាបដិសេធដូចខាងក្រោមនេះ៖

*ព្រះអង្គមិននិមន្តទៅធ្វើបុណ្យទានតាមការនិមន្តរបស់ប្រជាពលរដ្ឋជារឿងមិនពិតនោះទេ។

*ព្រះអង្គមកគង់នៅក្នុងវត្តនេះពីមុនមកពុំមានកុដិគង់នៅទេ ក្រោយមកព្រះអង្គបានកសាងកុដិមួយខ្នងគង់នៅ ក្នុងពេលកសាង ក៏មានការជំទាស់ពីពុទ្ធបរិស័ទផងដែរ និងថែមទាំងមានការបាញ់កាំភ្លើងខ្យល់ពេលយប់រំខាន ដល់ការសាងសង់កុដិរបស់លោកទៀតផង។ ចំពោះបច្ច័យដែលបានពីបុណ្យទានកន្លងមកគឺលោកបានទិញដីចាក់ក្នុងវត្ត។ ការឃាត់ និងមិនឯកភាពឲ្យគេកសាងសាលាឆាន់មុន នឹងធ្វើអ្វីមួយមកពីគេមិនទូលព្រះអង្គឲ្យដឹងជាមុនទើបព្រះអង្គមិនពេញចិត្តឲ្យគេកសាង។

*ព្រះអង្គមិនបានយកសពអ្នកជំងឺកូ-វីដ មកបូជាក្នុងវត្តដូចការចោទប្រកាន់ទេ ប៉ុន្តែកន្លងមកអាជ្ញាធរខេត្ត ក៏ប្រុងយកសពអ្នកកូវីដមកបូជាក្នុងវត្តនេះដែរ តែពេលមានប្រជាពលរដ្ឋជំទាស់ក៏ដកថយទៅវិញ។
*ព្រះអង្គមិនបានយកអ្នកជំងឺមកព្យាបាល និងឲ្យស្នាក់នៅក្នុងវត្តទេក្នុងដំណាក់កាលកូវីដនេះ។ តែការស្រោចទឹកដាក់ខ្សែចង្កេះឱ្យសិស្ស គឺព្រះអង្គបានធ្វើពិតមែន តែធ្វើហើយឱ្យគេត្រឡប់ទៅវិញគឺមានមែន។
*ការចាក់មេក្រូបទចម្រៀងភ្លេងការកន្លងមកគឺមានពិតមែន តែក្រោយមកលោកបានកែប្រែ មិនបានចាក់ទៀតទេ។ ចំពោះការសូត្រធម៌ឥណ្ឌា ឬមន្តអាគមអូមអាមលោកបានធ្វើមែន តែវាមិនខុសនឹងវិន័ យសង្ឃនោះដែរ។ ឯការបំបួសកូនចៅអ្នកស្រុក៤នាក់ ព្រះអង្គថា គឺបំបួសមែនដោយសារម៉ែឪគេបានឯកភាពគឺលោកបានសុំច្បាប់ត្រឹមត្រូវ អត់តែលោកមេឃុំ និងលោកមេភូមិទេ ដែលមិនព្រមចុះហត្ថលេខាឯកភាព។

*រឿងដែលមន្ត្រីនគរបាលមកសុំបូមទឹកអណ្ដូងពីវត្តដឹកតាមរថយន្តពិតមែន តែព្រះអង្គមិនឲ្យបូមព្រោះតែគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ដោយសារពេលនោះទឹកអណ្ដូងក្នុងវត្តខ្វះខាត នគរបាលមិនទៅបូមអណ្ដូងកន្លែងផ្សេងទៀត បែរជាមកបូមទឹកអណ្ដូងក្នុងវត្តដែលកំពុងខ្វះខាតទៅវិញ។

*រឿងរបស់ព្រះអង្គ លោកមេឃុំធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋថា បើដេញព្រះអង្គចេញពីវត្តមិនបានទេ លោកមេឃុំសុខចិត្តប្រគល់ត្រាឃុំឲ្យទៅស្រុក និងខេត្តវិញ។ រឿងដែលប្រជាពលរដ្ឋលើកគ្នាមកបណ្ដេញ ព្រះអង្គចេញពីវត្តនោះ ព្រះអង្គមិនចេញជាដាច់ខាត ទោះជាត្រូវស្លាប់ក៏មិនចេញដែរ។

នៅក្នុងការតវ៉ានៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ដែរ លោក ចាន់ អាន មេឃុំខុនរ៉ង ក៏បានលើកឡើងដូចមតិប្រជាពលរដ្ឋខាងលើនេះដែរ។ លោកលើកឡើងថា ជិតមួយអាណត្តិក្រុមប្រឹក្សាឃុំ៥ឆ្នាំទៅហើយ អធិករ ណ៍ក្នុងវត្តនេះមិនទាន់បានដោះស្រាយឲ្យចប់នោះឡើយ។ លោកមេឃុំនិយាយថា លោកមិនបាននិមន្តលោកអង្គហ្នឹងឲ្យមកគង់ក្នុងវត្តនេះឡើយ តែព្រះសង្ឃអង្គនេះមិនស្ដាប់លោកជាមេឃុំ គឺនៅតែមកគង់នៅក្នុងវត្តនេះ។

លោកមេឃុំ ក៏បានសំណូមពរឲ្យលោកនិមន្តចេញពីវត្តទើបប្រជាពលរដ្ឋជាង១ពាន់នាក់នៅក្នុងភូមិសេរីទាំងមូលបានស្ងប់ចិត្ត និងបានចូលមកធ្វើបុណ្យទានក្នុងវត្តនេះឡើងវិញ។ម្យ៉ាងទៀតមន្ទីរជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់រួម ទាំងមន្ត្រីសង្ឃផងដែរ បើមិនប្រញាប់ដោះស្រាយទេនឹងមានអធិករណ៍កាន់តែធំជាងនេះ ព្រោះវិវាទនេះយូររ៉ាំរ៉ៃណាស់ទៅហើយ បើផ្លែឈើវិញគឺដល់ពេលទុំជ្រុះហើយ។

ជុំវិញករណីខាងលើនេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រឿងរ៉ាវកើត ឡើងក្នុងវត្តអង្គសិរី ខាងលើនេះ គឺកើតឡើងយូរហើយ ខេត្តកំពុងខិតខំឲ្យមន្ទីរធម្មការ ទូលព្រះអង្គមេគណខេត្តព្រោះព្រះអង្គ បានតែងតាំងលោកជាចៅអធិការស្ដីទី រឿងនេះទាល់តែព្រះអង្គមេគណ ទើបនិមន្តព្រះអង្គបានតែទោះជាយ៉ាងណា ខេត្តក៏កំពុងខិតខំដោះស្រាយរឿងនេះហើយ៕