(ភ្នំពេញ)៖ ថ្លែងនៅក្នងពិធីសំណេះសំណាល ជាមួយបុគ្គលិកសាស្ត្រាចារ្យ សិស្ស-និសិ្សត និងប្រកាសទទួលស្គាល់ សមាជិកសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ សាខាវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា ធនធានដីធ្លីដ៏មានជីជាតិ របស់ប្រទេសកម្ពុជា គឺមានច្រើនណាស់ ដូច្នេះក្រសួងបរិស្ថាន នឹងព្យាយាមធ្វើយ៉ាងណា ជំរុញបង្កើននូវដំណាំកសិឧស្សាហ៍កម្ម ឱ្យកាន់តែច្រើន ដើម្បីជួយពង្រីកជីវភាព របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងចូលរួមកាត់បន្ថយការនាំចូល ផលិតផលពីបរទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការអភិវឌ្ឍលើវិស័យកសិឧស្សាហ៍កម្ម ជាការរក្សានៅសុន្តិសុខស្បៀងនៅកម្ពុជា និងជាការចូលរួមថែរក្សា បរិស្ថានធម្មជាតិបៃតងផងដែរ។

ជាមួយគ្នានោះដែរ លោក សាយ សំអាល់ ក៏បានណែនាំប្អូនៗសិស្ស-និស្សិត ឱ្យខិតខំរៀន ដើម្បីយកចំណេះជំនាញទៅជួយ សង្គមជាតិ។ ជោគជ័យនៅក្នុងសាលាជាជោគជ័យ៥០% នៃជីវិត ដែល៥០%ទៀត គឺប្អូនៗនឹងទទួលបានពីការងារជាក់ស្តែងនៅក្នុង សង្គម។ ប្អូនៗនឹងត្រូវជួបបញ្ហាក្នុងជីវិតជាច្រើន ប៉ុន្តែត្រូវចេះកែប្រែបញ្ហាឱ្យទៅជាឱកាស ជាកត្តាជោគជ័យសម្រាប់សង្គមជាតិ និងជីវិតផ្ទាល់ខ្លួនរបស់យើង។

លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ប្អូនសិស្ស-និស្សិត ឱ្យចេះធ្វើការជាក្រុម និងចេះស្រលាញ់រាប់អានគ្នា ដោយកុំរើសអើងឋានៈតួនាទី ពោលគឺយើងធ្វើការក្នុងស្មារតី ជោគជ័យរួមតែមួយ។

លោក គា បូរ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានឱ្យដឹងថា វិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានកកើតឡើងចេញពី អង្គការអភិវឌ្ឍន៍ធនធាននិស្សិត នៅ២០០៧ ដែលមានការអនុញ្ញាតច្បាប់ ពីក្រសួងមហាផ្ទៃ។

លោកនាយកបានបន្តថា មកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានបានសម្រេចបញ្ចប់ការបណ្តុះបណ្តាលសិស្ស-និស្សិត ថ្នាក់វិញ្ញាបនបត្រសិក្សាវគ្គខ្លី វគ្គវិញ្ញាបនបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្ររង សរុបចំនួន ១៥,៥៦២នាក់ និងមាន សិស្ស-និស្សិតកំពុងសិក្សាចំនួន ៦,៩៧១នាក់។ ដោយឡែកសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សាខាវិទ្យាស្ថានអភិវឌ្ឍនិសិ្សត ដែលត្រូវបានប្រកាស ទទួលស្គាល់នាពេលនេះ មានចំនួន ៤០៧នាក់៕