(ប៉ៃលិន)៖ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា បានអញ្ជើញប្រគេនទានវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃ ទាំង៣២វត្ត ក្នុងខេត្តប៉ៃលិន ពិធីនេះត្រូវបានធ្វើឡើងក្នុងវត្តរតនសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនពុទ្ធបរិស័ទ ពីការគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងចូលរួមដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ របស់រដ្ឋបាលខេត្តប៉ៃលិន។ ក្នុងរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ រយៈពេលចូលវស្សា គឺជារដូវភ្លៀងដែលនាំឲ្យព្រះសង្ឃមានការពិបាកក្នុងការនិមន្តបិណ្ឌបាត្រនៅតាមទីឋាននានា ដូចនេះការប្រគេនទានវស្សា ទេយ្យវត្ថុ និងបច្ច័យ គឺចាំបាច់បំផុត ហើយក៏នឹងនាំមកនូវបុណ្យកុសលពេញបរិបូណ៌ សម្រាប់បំភ្លឺផ្លូវទៅអនាគតជាតិ។
លោកស្រី ក៏បានទូលប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវការពារខ្លួនជានិច្ច ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថាសម្រាប់ខេត្តប៉ៃលិន មានវត្តអារាមនៅទូទាំងខេត្តសរុប ៣២វត្ត ហើយនៅវត្តនីមួយៗ អាជ្ញាធរខេត្ត រួមទាំងអាជ្ញាធរស្រុក បានប្រគេន ទានវស្សា អង្ករ ទឹកសុទ្ធមី ស្លាដក និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃសម្រាប់ផ្គត់ផ្គង់ ក្នុងរយៈពេលចូលវស្សានេះ៕