(ព្រះវិហារ)៖ សម្ភារជាច្រើនមុខសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលខេត្តព្រះវិហារ និងក្រុមគ្រួសារ ត្រូវបានលោក សេង សារី តំណាងលោក សួស យ៉ារ៉ា នាំយកទៅប្រគល់ជូនរដ្ឋបាលខេត្តខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីធ្វើការប្រគល់បន្តជូនអាជ្ញាធរស្រុកជាំក្សាន្ត ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
នៅក្នុងឱកាសនេះដែរ លោក សេង សារី តំណាងលោក សួស យ៉ារ៉ា បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក សួស យ៉ារ៉ា ជូនចំពោះថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងតែមមាញឹកក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោកតំណាងរាស្ត្រ ក៏បានឧបត្ថម្ភសម្ភារមួយចំនួនជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់ផ្តល់បន្តទៅអោយអាជ្ញាធរស្រុកជាំក្សាន្ត ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក សេង សារី បានបន្តថា អំណោយដែលនាំមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនាពេលនេះរួមមាន សម្លៀកបំពាក់វេជ្ជសាស្ត្រកម្រិត៣ (PPE) ចំនួន៥០ឈុត របាំងមុខវេជ្ជសាស្ត្រចំនួន៥០ ស្រោមជើងចំនួន៥០ និងសម្ភារដំណេកអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន១០០ឈុត ក្នុងនោះមានគ្រែបត់១០០ ខ្នើយ១០០ មុង១០០ និងភួយ១០០ផងដែរ។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងនាមក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានថ្លែងអំណរគុណចំពោះលោក សួស យ៉ារ៉ា និងក្រុមគ្រួសារ ដែលជានិច្ចជាកាលតែងតែឧបត្ថម្ភ ផ្តល់ជូនរដ្ឋបាលខេត្ត រួមមានសម្ភារនិងថវិកា សម្រាប់ការកសាង និងអភិវឌ្ឍន៍ខេត្ត ក៏ដូចជាសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ផងដែរ។
ជាក់ស្តែងអំណោយដែលលោក សួស យ៉ារ៉ា នាំមកប្រគល់ជូនរដ្ឋបាលខេត្តនៅពេលនេះ គឺពិតជាបានឆ្លើយតបទាន់ពេលវេលា សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលនៅស្រុកជាំក្សាន្ត ដែលរហូតមកដល់ថ្ងៃនេះ អាជ្ញាធរខេត្តបានបិទខ្ទប់ស្រុកជាំក្សាន្ត ជាបណ្តោះអាសន្ន និងកំណត់ស្រុកជាំក្សាន្តជាតំបន់ «ក្រហម»។ ដើម្បីរួមចំណែកជាមួយអ្នកតំណាងរាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅស្រុកជាំក្សាន្ត រដ្ឋបាលខេត្តព្រះវិហារ បានឧបត្ថម្ភសម្ភារមួយចំនួនដល់អាជ្ញាធរស្រុកផងដែរផងដែរ។
លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារនិងសហគមន៍យើងពីជំងឺកូវីដ១៩៕