(កោះកុង)៖ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានសហការជាមួយក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ បានជួយសម្រាលកូនឲ្យស្ត្រីមានវិជ្ជមានកូវីដ១៩ មួយករណីទៀត បានដោយជោគជ័យនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា នេះជាករណីលើកទី១២ ហើយដែលក្រុមលោកគ្រូអ្នកគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែក បានសហការជាមួយក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ បានជួយសម្រាលកូនឲ្យស្ត្រីមានវិជ្ជមានកូវីដ១៩ បានដោយជោគជ័យដោយគ្មានទទួលគ្រោះថ្នាក់អ្វីឡើយទាំងស្ត្រីជាម្តាយមានជំងឺកូវីដ១៩ គឺពុំមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងកូន និងថែទាំសុខភាពពួកគាត់បានយ៉ាងល្អប្រសើរថែមទៀតផង។
លោក ហៃ ឡៃសុន បានបន្តថា ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយឆន្ទៈ និងទទួលខុសត្រូវខ្ពស់ ទោះបីត្រូវប៉ះពាល់ប្រឈមយ៉ាងណា ក៏ដោយគ្រប់ម៉ោងគ្រប់ពេលវេលាមិនថាយប់ ឬថ្ងៃនោះទេ ព្រោះនេះកាតព្វកិច្ចរបស់ក្រុមលោកគ្រូពេទ្យ មិនថាអ្នកមានវិជ្ជមានជំងឺកូវិដ១៩ និងជំងឺធម្មតានោះទេ គឺក្រុមលោកគ្រូពេទ្យត្រូវបំពេញកាតព្វកិច្ចតួនាទីរបស់ខ្លួនជាគ្រូពេទ្យ ប្រកបដោយក្រុមសិលធម៌វិជ្ជាជីវៈ ជាគ្រូពេទ្យបម្រើមហាជនគ្រប់សាសនា។
លោកបានបន្តថា ដើម្បីអនុវត្តនូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមលោកគ្រូពេទ្យប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវិដ១៩ កុំឲ្យមានការរីករាលឆ្លងចូលក្នុងសហគមន៍ក្នុងព្រឹត្តការណ៍ ២០ កុម្ភៈ ពីព្រោះជំងឺកូវិដ១៩នេះនៅតែមានហានិភ័យខ្ពស់ដដែល។
លោកក៏បានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមទប់ស្កាត់ការពារនៃជំងឺកូវីដ១៩ និងអនុវត្តនូវវិធានការណ៍ ៣ការពារ ៣កុំឲ្យបានជាប់ជានិច្ច និងមានអនាម័យថែរក្សាបរិស្ថានក្នុងការរស់នៅឲ្យខ្ពស់ជាប្រចាំ។
បើកស្រលាញ់អាណិត និងព្រួយបារម្ភណ៍ដល់ក្រុមគ្រួសារជាពិសេសចាស់ជរា ស្រ្តីមានផ្ទៃពោះ ក្មេងតូចៗនិងទារកនៅផ្ទះដែលពួកគាត់ពុំដឹងអីសោះនោះ បាននាំជំងឺមកចម្លងពួកគាត់ និងសូមមេត្តាចូលរួមអនុវត្តន៍នូវវិធានការណែនាំអប់រំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ និងកាត់បន្ថយការជួបជុំគ្នា អ្នកអាចភ្លេចកូវីដ តែកូវិដមិនដែលបំភ្លេចអ្នកឡើយ៕