(កំពង់ស្ពឺ)៖ ក្រោយប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ស្ពឺភ្លាម លោក វីុ សំណាង បានចាប់ផ្តើមបើកការប្រកួតដណ្តើមពានរង្វាន់ បាល់ទាត់ បាល់ទះ របស់លោក សម្រាប់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ទូទាំងខេត្ត ដែលចាប់ផ្តើមដំណើរការ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ។
លោក វីុ សំណាង បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមយុវជនអាយុក្រោម១៦ឆ្នាំ ជាក្រុមកីឡាករ កីឡាការិនី ថា ពីមុនទឹកដីខេត្តកំពង់ស្ពឺ ពោពេញដោយចំការមីន ប៉ុន្តែរហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិសុខ និងអភិវឌ្ឍន៌ បានធ្វើឲ្យទីវាលដែលសំបូរគ្រាប់មីន ក្លាយជាតំបន់សេដ្ឋកិច្ច សួនឧស្សាហកម្ម តារាលបាល់ទាត់សម្រាប់ក្រុមយុវជន និងការដាំដុះដំណាំផ្សេងៗ។ល។
លោកអភិបាលខេត្តដែលទើបទទួលការតែងតាំងនេះ បានអំពាវនាវដល់ក្រុមយុវជនទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បទល្មើសផ្សេងៗ ហើយបន្តប្រាប់ទៅបងប្អូន មិត្តភក្តិផ្សេងទៀត ចូលរួមលេងកីឡាដើម្បីសុខភាព និងលើកស្ទួយវិស័យកីឡារបស់ជាតិ កាន់តែខ្លាំងឡើង៕