(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ និងភរិយា ព្រមទាំងមន្រ្តី និងប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប បានរួមគ្នាធ្វើពិធីបុណ្យពុទ្ធាភិសេក និងដង្ហែមហាជួងជ័យ ទៅតម្កល់ក្នុងវត្តទេពពោធិ៍វង្ស ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់ គោកចក ក្រុងសៀមរាបយ៉ាងអធឹកអធម។
តាមរយៈកម្មវិធីបុណ្យខាងលើនេះ បានស្តែងឲ្យឃើញនូវការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ ទៀង បាញ់ និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំខេត្តសៀមរាបទាំងអស់ ក្នុងការរួមស្តារ និងអភិវឌ្ឍវិស័យពុទ្ធសាសនាឲ្យរីកចម្រើនឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញ់ក្នុងរបបអាវខ្មៅប៉ុលពត។
សូមបញ្ជាក់ថា ពិធីបុណ្យពុទ្ធាភិសេក ជាបវេណីមួយរបស់ខ្មែរ ដែលបានប្រារព្ធឡើង ដើម្បីស្រោចស្រព ឬប្រោះព្រំសុគន្ធវារីថ្វាយព្រះ ពុទ្ធរូប ដែលទើបសាងថ្មី ហៅថាពុទ្ធាភិសេក។ ពិធីនេះ ជាប្រពៃណីដែលពុទ្ធបរិស័ទ បានធ្វើអស់កាលដ៏យូរយារណាស់មកហើយ។
ដោយឡែកជួងជ័យ គឺជាឧបករណ៍សម្រាប់ប្រើជាសញ្ញាក្នុងប្រមូលផ្តុំមនុស្សក្នុងក្រុម ក្នុងវត្ត ក្នុងភូមិជាដើម ជាពិសេសគេប្រើសម្រាប់ ជាសញ្ញាដល់កងទ័ពក្នុងពេលចេញច្បាំង ឬប្រកាសអាសន្នណាមួយ ឬក៏ប្រើសម្រាប់បញ្ជាក់ពីភាពជោគជ័យ សំឡេងជួង សំឡេងជ័យ គឺបញ្ជាក់ថា ទទួលបានជោគជ័យ៕