(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលខកខានមិនបានទទួលបានវ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង នាពេលកន្លងទៅ និងអ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំផងដែរ សូមទៅទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចាប់ពីថ្ងៃស្អែកនេះតទៅ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នាពេលកន្លងទៅ មានប្រជាពលរដ្ឋមួយចំនួនខកខានមិនបានមកទទួលការចាក់វ៉ាក់សាំង ក្នុងនោះមានដូចជាស្ត្រីមានគ័ភ៌ទើបសម្រាលកូនរួច អ្នកជាប់អនុវត្តវិធានការចត្តាឡីស័ក អ្នកមានបញ្ហាសុខភាពត្រូវព្យាបាល អ្នកមានធុរៈចាំបាច់ខានមិនបាន។ ម្យ៉ាងទៀត ក៏មានយុវជនខ្លះមិនទាន់គ្រប់អាយុ ១៨ ឆ្នាំផងដែរ។
ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញប្រឹងប្រែងរៀបចំការផ្ដល់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋទាំងនោះបន្តទៀត គឺនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្ថិតនៅអគារឡូតិ៍ទី២ ផ្លូវលេខ ១៣៤ កែងនឹងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋខាងលើអាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន នៅរៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០ នាទីរសៀល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕
ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖