(ភ្នំពេញ)៖ «សូមមាតា បិតា អាណាព្យាបាល របស់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ ត្រូវនាំកូន ចៅ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ ហើយសូមកុំបារម្ភថាខ្លាចអស់វ៉ាក់សាំងឲ្យសោះ ព្រោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគិតគូរខ្លាំងណាស់ ចំពោះកិច្ចការស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ និងកូនចៅ របស់ប្រជាពលរដ្ឋ ដោយមិនឲ្យយកប្រាក់នោះឡើយ ហើយយុទ្ធនាការនេះធ្វើឡើង ដើម្បីបញ្ចប់ឫសគល់នៃជំងឺកូវីដ១៩»។ នេះជាសារអំពាវនាវរបស់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង នៅគ្រាដែលលោក ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់វ៉ាក់ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។
ក្នុងការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងទាំង៥នេះ លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំងមាតា បិតា អាណាព្យាបាល កុមារ និងយុវវ័យទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកចាក់វាក់សាំង ដែលជាការរួមចំណែកក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។ ព្រោះថា ក្នុងដំណាក់កាលបច្ចុប្បន្ន ពិភពលោក ក៏ដូចជាកម្ពុជា កំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា ដែលមានការចំលងលឿនជាងមេរោគមុនៗ ធ្វើឲ្យអត្រាអ្នកឆ្លង និងស្លាប់កាន់តែមានចំនួនច្រើនឡើង។ ដូច្នេះ មានតែការចាក់វ៉ាក់សាំងទេ ដែលជាជម្រើសទី១ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្រ្គោះជីវិតមនុស្សមិនឱ្យឈឺធ្ងន់ធ្ងរ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
លោក ធឹម សំអាន បានលើកឡើងពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គឺមិនគិតថ្លៃនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ច នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ចំពោះមន្ត្រីណា មានការពាក់ព័ន្ធនឹងការទារលុយកាក់ពីក្មួយៗ ដែលវាធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល កុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ហើយសូមកុំគិតថា មិនមានវ៉ាក់សាំងសម្រាប់ចាក់ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនដល់បងប្អូនប្រជាពរដ្ឋ កុមារ និងយុវវ័យ អោយបានគ្រប់គ្នា ដើម្បីយើងអាចឈានទៅបើកដំណើរការសាលារៀន, ដំណើរការសេដ្ឋកិច្ច-សង្គមរបស់យើងឡើងវិញ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ សីហា មកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅទូទាំងខណ្ឌបឹងកេងកង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១.៣៦៦នាក់ ក្នុងចំនួនសរុប ប្រមាណ ជិត៨ពាន់នាក់៕