Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកតាពីរនាក់អាយុជាង១០០ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង និងទំពួន ទទួលបានអំណោយសម្ដេចតេជោ ហ៊ុន សែន ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

07-08-2021 18:36

(រតនគិរី)៖ ក្នុងចម្ងាយផ្លូវរាប់រយគីឡូម៉ែត្រ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតាពីរនាក់ អាយុជាង១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ទី១៖ឈ្មោះ ក្លេម គឺ អាយុ១០៣ឆ្នាំ រស់នៅភូមិចាអុង ឃុំចាអុង ស្រុកអូរជុំ ដែលជាជនជាតិដើមភាគតិចគ្រឹង និងទី២៖ ឈ្មោះ ព្រាម ឡាំ អាយុ១០៨ឆ្នាំ ជនជាតិដើមភាគតិចទំពួន រស់នៅឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា ក្លេម គឺ និងលោកតា ព្រាម ឡាំ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

ទាំងលោកតា ក្លេម គឺ និងលោកតា ព្រាម ឡាំ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ៕