(ភ្នំពេញ)៖ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធសេវាអប់រំនៅកម្ពុជា នឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Conference) វិធីសាស្ត្របង្រៀនចម្រុះសម្រាប់កម្រិតមធ្យមសិក្សាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តកម្មវិធីសិក្សា និងវិធីសាស្ត្រការបង្រៀន និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
សិក្ខាសាលាអនឡាញនឹងធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ម៉ោង ៨៖០០ ដល់ម៉ោង ១១៖៣០ព្រឹក និងផ្សាយបន្តផ្ទាល់លើផេកហ្វេប៊ុករបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។
សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាព បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ព្រមទាំងវាគ្មិន លោក ព្រីង មរកត ប្រាក់ ប្រធាននាយកដ្ឋានមធ្យមសិក្សាអប់រំចំណេះទូទៅ លោក ប៉ែន ចម្រើន នាយកស្រាវជ្រាវនិងអភិវឌ្ឍនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប លោក ជួម សុខឿន នាយករងនៃសាលាអន្តរជាតិវើលដ៍ និង កញ្ញា ស្រ៊ុន សុវណ្ណមកពីក្រុមហ៊ុន Edemy។ លើសពីនេះក៏នឹងមានការចូលរួមដោយសមាជិករបស់សហព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបថា សហព័ន្ធសេវាអប់រំនៅកម្ពុជា គឺជាសមាគមដែលបង្កើតឡើង និងចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០២០ ដោយរួមផ្តុំស្ថាប័នគ្រឹះស្ថានអ់បរំ និងបណ្តុះបណ្តាលឯកជនជាង១០០ស្ថាប័ន៕