(ភ្នំពេញ)៖ ការបាញ់ប្រហារមេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត បណ្តាលឲ្យរងរបួសធ្ងន់ នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ដែលមាន ជនដៃដល់ជាមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញនោះ គឺផ្តើមចេញពីជនដៃដល់បានប្រើ ថ្នាំញៀនហួសកម្រិតរហូតវង្វេងលែងដឹងខុសត្រូវ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះថា នៅមុនពេលកើតមានការ បាញ់ប្រហារ ជនដៃដល់ឈ្មោះ ស៊ិន សុទ្ធារិទ្ធ អាយុ ៣១ឆ្នាំ ហៅដួង រហស្សនាមរាត្រី១៨៧ បម្រើការងារនៅការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ បានសម្ងំជក់គ្រឿងញៀនក្នុងផ្ទះ ស្ថិតនៅចំណុចផ្ទះតាមផ្លូវលេខ១០៨ កែង១៩ សង្កាត់វត្តភ្នំ ដោយចាក់សោពីខាងក្នុង។ ពេលនោះស្រ្តីជាម្តាយ បានភ័យខ្លាចកូនបង្ករឿងបំផ្លាញទ្រព្យសម្បត្តិទៀត ក៏ចាក់សោពីក្រៅ ហើយទូរស័ព្ទប្តឹងលោក អ៊ុន សំអាត មេ ប៉ុស្តិ៍វត្តភ្នំ ឲ្យចុះទៅជួយអន្តរាគមន៍ និង ដោះស្រាយជូន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទរបស់ស្រ្តីជាម្តាយ លោក អ៊ុន សំអាត បាននាំនាយរងប៉ុស្តិ៍ ម្នាក់ទៅជាមួយ ដើម្បីជួយដោះស្រាយ ដោយមិនបានយកកាំភ្លើងទៅជាមួយនោះទេ ពីព្រោះគាត់ក៏ស្គាល់ជនដៃដល់ ដោយសារជា មន្រ្តីនគរបាលដូចគ្នា។ ប៉ុន្តែពេលទៅដល់ ស្រ្តីជាម្តាយ និងជនដៃដល់បាននិយាយត្រូវគ្នា ដោយម្តាយយល់ព្រមចាក់សោចេញពីខាង ក្រៅ ហើយជនដៃដល់ចាក់សោចេញពីខាងក្នុង។
លុះពេលលោកមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ជិះម៉ូតូទៅដល់ ជនដៃដល់ប្រុងជិះម៉ូតូចេញ ហើយលោក អ៊ុន សំអាត បានទៅគាស់ស្មាថា កុំ អាលទៅចាំជជែកគ្នាសិន។ ស្រាប់តែជនដៃដល់ ដកកាំភ្លើងបាញ់ទៅលើលោកបណ្តាលឲ្យចំពីមុខធ្លាយទៅខាងក្រោយមួយគ្រាប់ ដួលផ្ងារជើង ហើយក៏រត់ទៅជាន់ក ប្រុងដាក់មួយគ្រាប់ទៀត ដើម្បីសម្លាប់ចោលតែម្តង។ ប៉ុន្តែនាយរងប៉ុស្តិ៍របស់លោក បានរត់ទៅ ជួយ តែត្រូវជនដៃដល់រត់ដេញបាញ់ថែមទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងលេចមុខមន្រ្តីនគរបាលប៉ុស្តិ៍វត្តភ្នំ ម្នាក់ មកជួយមេប៉ុស្តិ៍។
ក្រោយមន្រ្តីនគរបាលកំពុងជួយមេប៉ុស្តិ៍វត្តភ្នំ ជនដៃដល់ បានយកកាំភ្លើងទៅភ្ជង់ដោយនិយាយថា «អញអាដួង (ជាមិត្តភក្តិជាមួយគ្នា) ឲ្យសោម៉ូតូអញ» តែមន្រ្តីនគរបាលនោះឆ្លេឆ្លា និងចង់ស្រឡាំងកាំង ពីព្រោះឃើញមេប៉ុស្តិ៍វត្តភ្នំរបស់ខ្លួនដួល និងត្រូវគ្រាប់កាំភ្លើង ក៏រត់ ទៅលើកមេប៉ុស្តិ៍។ ស្រាប់តែជនដៃដល់ចង់រំដោះខ្លួន ដោយបាញ់ចំនួន ២គ្រាប់ថែមទៀត រហូតបង្កការភ្ញាក់ផ្អើលដល់កម្លាំងគណ: បញ្ជាការឯកភាពខណ្ឌ កំពុងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញមកជួយអន្តរាគមន៍បាញ់ការពារខ្លួន បណ្តាលឲ្យជននេះ ត្រូវ ២គ្រាប់ មួយគ្រាប់ចំប្លោកនោម និងទ្រូងរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
សូមបញ្ជាក់ថា នៅពេលកំពុងផ្ទុះអាវុធនោះ មានរថយន្តរបស់អ្នកដំណើរម្នាក់ ម៉ាក Lexus បានបើកកាត់កន្លែងកើតហេតុ ហើយរង គ្រាប់កាំភ្លើងចំនួន ៥គ្រាប់ បណ្តាលឲ្យធ្លុះធ្លាយរថយន្តផងដែរ។ ម្ចាស់រថយន្តបានអំពាវនាវឲ្យមានការដោះស្រាយ និង ផ្តល់សំណង លើការខូចខាតនេះ តែមិនដឹងថា នរណាជាអ្នកទទួលខុសត្រូវនោះទេ។
ជាមួយគ្នានេះ ជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា សូម្បីតែម្តាយរបស់គេ ក៏លែងរាប់រកផងដែរ ពីព្រោះជននេះ បានបំផ្លាញទ្រព្យ សម្បត្តិយ៉ាងច្រើន នាពេលកន្លងទៅ ពីព្រោះតែការប្រើថ្នាំញៀនជ្រុល។
លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា លោកមេប៉ុស្តិ៍វត្តភ្នំ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ហើយ ហើយកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែកជនបង្ក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរង់ ចាំការចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕