(ព្រុចសែល)៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់បែលហ្ស៊ិក បានដាក់ពាក្យសុំលាលែងពីតំណែង បន្ទាប់ពីមានករណីវាយប្រហារកណ្ដាលទីក្រុងព្រុចសែល ដែលជាទង្វើរបស់ក្រុមឧទ្ទាម ISIS នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា។
លោក Jan Jambon រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់បែលហ្ស៊ិក បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ក្រោយពីដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតឈ្មោះ Ibrahim El Bakraoui គឺជាសកម្មប្រយុទ្ធ ISIS ដែលត្រូវបានប្រទេសតួកគីនិរទេសចេញពីប្រទេសកាលពីឆ្នាំ២០១៥ នោះ លោកបានសម្រេចដាក់ពាក្យសុំលាលែងពីតំណែង ព្រោះតែលោកបានប្រព្រឹត្តកំហុសដោយឲ្យសកម្មប្រយុទ្ធរូបនេះ ចូលមករស់នៅក្នុងប្រទេសបែលហ្ស៊ិកបាន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់បន្ថែមទៀតថា លិខិតសុំលាលែងពីការងារត្រូវបានបញ្ជូនទៅដល់ការិយាល័យ លោកនាយករដ្ឋមន្ត្រីហើយ ប៉ុន្តែលោក Charles Michel នាយករដ្ឋមន្ត្រីបែលហ្ស៊ិក មិនបានអនុញ្ញាតតាមសំណើឡើយ ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរូបលោកបន្តកាន់តំណែង និងបាននិយាយថា «នៅក្នុងអំឡុងពេលមានសង្គ្រាម មិនអាចមាននរណាម្នាក់លាឈប់ពីតំណែងបានឡើយ»។
ចំណែកលោក Koen Geens រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយសារតែលោកបានការធ្វេសប្រហែស និងមិនបានយកចិត្តទុកដាក់ទៅតាមការព្រមានរបស់តួកគី ពាក់ព័ន្ធនឹងបុរសឈ្មោះ Ibrahim El Bakraoui ដែលជាសកម្មប្រយុទ្ធ ISIS។
គួរបញ្ជាក់ផងដែរថា បុរសឈ្មោះ Ibrahim El Bakraoui ត្រូវបានប្រទេសតួកគីនិរទេសចេញពីប្រទេសចំនួនពីរដងមកហើយ ដោយសារតែមានប្រវត្តិពាក់ព័ន្ធនឹងក្រុម ISIS ហើយក្រោយពីនិរទេស តួកគីក៏បានព្រមានដល់បណ្ដាប្រទេសជាប់ព្រំដែន និងអឺរ៉ុបទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះបុរសម្នាក់នេះ ហើយនៅទីបំផុតគឺបុរសរូបនេះបានមកបំផ្ទុះគ្រាប់បែកអត្តឃាតនៅបែលហ្ស៊ិក បណ្ដាលឲ្យមនុស្សជាង ៣០នាក់ស្លាប់ និងរបួសជាង ២៥០នាក់៕