(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំណូមពរដល់ភាគីថៃ សូមផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការលួចឆ្លងដែន របស់ពលករខ្មែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី។

ការសំណូមពរបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ នាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ផ្តល់ជូនពលករខ្មែរ១១នាក់ ដែលសមត្ថកិច្ចព្រំដែនថៃ ឃាត់ខ្លួនក្នុងភូមិសាស្ត្រ ស្រុកខ្លងហាត ខេត្តស្រះកែវ មុនឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ។

លោកអភិបាលខេត្តបានស្នើសុំយ៉ាងដូច្នេះថា «សំណូមពរដល់ភាគីថៃ សូមជួយផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ដើម្បីជួយទប់ស្កាត់នូវការឆ្លងដែន របស់ពលករខ្មែរ សូមឱ្យបន្តជួយឃាត់ទុក និងនាំមកកាន់ទីនេះ ឱ្យស្នាក់នៅជាបណ្តោះអាសន្នមួយរយៈសិន ក្នុងគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបិទខ្ទប់ព្រំដែនមិនឱ្យឆ្លងកាត់ចេញ-ចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta មួយរយៈផងដែរ»

នាឱកាសនោះដែរ លោក ងួន រតនៈ ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលធ្វើការឃាត់ទុក និងផ្តល់នូវទីតាំងឱ្យស្នាក់នៅជាបណ្តោះអាសន្ន ចំពោះពលករខ្មែរ។ ដោយក្នុងនោះដែរ អភិបាលខេត្តនឹងរ៉ាប់រងក្នុងការដោះស្រាយស្បៀង ជូនបងប្អូនពលករជាដើម។

លោកបានដឹកនាំប្រតិភូមួយក្រុម ចុះពិនិត្យមើលពីស្ថានភាពរស់នៅក្នុងទឹកដីថៃ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែនរបស់ថៃ ក្នុងភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវ ដែលជាប់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានពាំនាំគ្រឿងឧបភោគបរិភោគ អង្ករ២០០គីឡូក្រាម មី ត្រីខ និងភេសជ្ជៈមួយចំនួន ជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកស្រី ទៅប្រគល់ជូនដល់បងប្អូនពលករទាំងនោះ ដល់ទីតាំងកំពុងបោះតង់ស្នាក់នៅ ដែលរៀបចំដោយអាជ្ញាធរថៃ នៅទីនោះផងដែរ៕