(ព្រះវិហារ)៖ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការផ្អាកការកោះហៅ ការចូលឆ្លើយបំភ្លឺ និងនីតិវិធីផ្សេងៗទៀត ពីស្រុកជាំក្សាន្ត មកកាន់សាលាដំបូងខេត្ត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។
ការសម្រេចចេញសេចក្តីជូនដំណឹងឱ្យផ្អាកជាបណ្តោះអាសន្នចំពោះការកោះហៅឱ្យចូលឆ្លើយបំភ្លឺ និងនីតិវិធីផ្សេងៗទៀត ពីស្រុកជាំក្សាន្ត របស់សាលាដំបូងខេត្តព្រះវិហារ នាពេលនេះ បន្ទាប់ពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានសម្រេចបិទខ្ទប់ និងកំណត់ស្រុកជាំក្សាន្ត ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារជាតំបន់ «ក្រហម» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី Delta។
សាលាដំបូងខេត្ត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានឆ្លងរីករាលដាលគួរឱ្យកត់សម្គាល់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ «សម្រេចផ្អាកនីតិវិធីកោះហៅ ការចូលឆ្លើយបំភ្លឺ និងនីតិវិធីផ្សេងៗមួយចំនួនទៀត ពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាបណ្តោះអាសន្ន» ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល និងប្រសើរឡើងវិញ»។
សាលាដំបូងខេត្ត បានបញ្ជាក់ថា ដោយឡែកពាក់ព័ន្ធនឹងសំណុំរឿងជាក់ស្តែង ឬនីតិវិធីដែលចាំបាច់មួយចំនួនទៀត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នឹងចាត់ការជាក់ស្តែងតាមករណីនីមួយៗ ដោយគោរពតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា ស្រុកជាំក្សាន្ត ត្រូវបានអាជ្ញាធរខេត្តចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន និងកំណត់ជាតំបន់ «ក្រហម»។ ដោយអនុវត្តន៍ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តព្រះវិហារ៖