(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាប្រធានកាកបាទក្រហមខណ្ឌ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានា បស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបម្លែងថ្មី Delta ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍ ក៏ដូចជានៅរាជធានីភ្នំពេញ។
ការអំពាវនាវបែបនេះ របស់លោក ថេង សុថុល បានធ្វើឡើងនៅក្នុងឱកាសដែលគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចុះចែកអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៅក្នុងបរិវេណអនុវិទ្យាល័យសុធារស។
ជាមួយគ្នានេះដែរ លោក ថេង សុថុល ក៏សំណូមពរដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ គោរព និងអនុវត្តនូវបំរាមគោចរ ដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះថាមកដល់ពេលនេះ អាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់ មិនមានការណែរនាំទៀតឡើយ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានី ដូចជាការជួបជុំផឹកស៊ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ គឺនឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់មិនមានការលើកលែងទៀតឡើយ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។
លោកអភិបាលខណ្ឌ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បង ប្អូន ពូ មីង នៅក្នុងឱកាសនេះផងដែរ។
បន្ថែមពីនេះ លោក ថេង សុថុល បានលើកឡើងថា អំណោយដែលយកមកចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែបានផ្ដាំផ្ញើ និងចាត់ឱ្យមន្ត្រីក្រោមឱវាទ ឱ្យពិនិត្យមើល ក៏ដូចជាសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត និងកំពុងជួបការលំបាកដែលបង្កឡើងដោយជំងឺកូវីដ១៩ នាពេលនេះ។
បើតាមលោក ស៊ុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងថវិកាមួយចំនួនផងដែរ៕