(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានបង្ហាញរូបថតមួយសន្លឹកលជារូបថត អនុស្សាវរីយ៍ ដែលសម្តេចបានចេញទៅប្រជុំនៅក្រៅប្រទេសជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៩ ពេលធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស។ សម្តេចបានរំលឹកថា ពេលធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស នៃប្រទេសក្រីក្រទើបរំដោះចេញពីរបបប្រល័យពូជសាសន៍សម្តេចមានអាវ ធំតែមួយសម្រាប់ប៉ុណ្ណោះ តែសម្តេចមានឆន្ទៈស្វែងរកសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល។
ជាមួយការបង្ហាញរូបភាពមួយសន្លឹកក្នុងទឹកមុខមាំបង្កប់ដោយភាពមុះមុត ពាក់អាវធំមានទំហំធំជាងដងខ្លួន ជាមួយរូបរាងស្គមសម្តេច តេជោ ហ៊ុន សែន បានសរសេរបញ្ជាក់លើ Facebook របស់សម្តេចថា រូបថតមួយសន្លឹកនេះ ជារូបភាពពេលធ្វើជារដ្ឋមន្ត្រីក្រសួងការ បរទេសក្នុងវ័យ ២៧ឆ្នាំ ដែលជារដ្ឋមន្ត្រីក្មេងជាងគេនៅក្នុងពិភពលោក។
សម្តេចតេជោ បានឲ្យដឹងទៀតថា រូបថតនេះ ថតនៅព្រលានយន្តហោះការ៉ាឈី ប្រទេសប៉ាគីស្ថាន ពេលយន្តហោះចុះចាក់សាំង ក្នុង ដំណើរចេញទៅបរទេសជាលើកដំបូង ដើម្បីចូលរួមប្រជុំចលនាមិនចូលបក្សសម្ព័ន្ធ នៅរដ្ឋធានីកូឡំបូ ប្រទេសស្រីលង្ការ នាខែឧសភា ឆ្នាំ១៩៧៩។
សម្តេចនាយករដ្ឋមន្រ្តី ដែលត្រូវបានគេដឹងថា បានប្រើជីវិតក្នុងសមរភូមិតាំងពីទសវត្សរ៍ឆ្នាំ៧០ ក្នុងវ័យជាង ១០ឆ្នាំ រហូតដល់ចុង ទសវត្សរ៍ឆ្នាំ៩០ បានរៀបរាប់ថា ការធ្វើជារដ្ឋមន្រ្តីការបរទេសនៅពេលនោះ ពិបាកជាងកាន់អាវុធចូលសមរភូមិទៅទៀត។ សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ «ពិបាកជាងកាន់អាវុធចូលសមរភូមិយោធាទៅទៀត។ ខ្ញុំមានខោអាវធំតែមួយកំប្លេនេះទេ តែឆន្ទៈយុវជនមិន ដែលចុះញ៉ម ចំពោះឧបសគ្គដែលនៅពីមុខនោះទេ។ យើងបានចូលរួមរហូតមានការផ្លាស់ប្តូរពីសង្គ្រាមមកកាន់សន្តិភាព និងការអភិ វឌ្ឍ»៕