(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ម៉ូតេហ្គី តូស៊ីមីសឺ
រដ្ឋមន្ត្រីការបរទេសជប៉ុន និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន បានពិនិត្យឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងវិស័យជាអាទិភាព និងបានកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌រវាងបណ្ដាប្រទេសមេគង្គនិងជប៉ុន និងដើម្បីធានាឱ្យបាននូវអនុតំបន់ មេគង្គដែល កាន់ តែ រស់រវើក ដោយ គិតគូរ ពិចារណា ទៅលើជំងឺរាតត្បាតកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើត មាន។

ទន្ទឹមនេះដែរ រដ្ឋមន្ត្រី ទាំងអស់ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងការថែរក្សាបាននូវសន្តិភាព និងស្ថិរភាព នៅក្នុងអនុតំបន់មេគង្គ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ផ្នែកទន់និងផ្នែករឹង ដំណើរការដោយរលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញឱ្យមានការធ្វើដំណើរឡើងវិញតាមរយៈការទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ និងឌីជីថលូបនីយកម្មលើវិស័យពាក់ព័ន្ធនានា គួរតែត្រូវបានដាក់ចេញឱ្យអនុវត្ត ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាឱ្យ បាន នូវភាពធន់ និងចីរភាពនៅក្នុងអនុតំបន់ ក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមិត្តជប៉ុន និងបណ្ដាប្រទេសមេគង្គ គិតគូរពិ ចារណាលើគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ក្នុងការបង្កើតក្រុមការងាររួមសិក្សាលើ «សេណារីយ៉ូស្ដារសេដ្ឋកិច្ចមេគង្គ-ជប៉ុន» ដើម្បីរិះរកនូវលទ្ធភាពស្ដារសេដ្ឋកិច្ចនានាក្នុងការធ្វើឱ្យឧស្សាហកម្មទេសចរណ៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងការវិនិយោគដែលចាំបាច់បំផុតក្នុងអនុតំបន់នេះ មានដំណើរការឡើងវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយប្រធានអង្គប្រជុំ និងអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់។

កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាគួរជាទីមោទក តាមរយៈការយល់ឃើញរួមគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការប្ដេជ្ញាចិត្តក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញក្រោយវិបត្តិនៃជំងឺរាត ត្បាតកូវីដ-១៩ ត្រូវបានបញ្ចប់៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖