(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានរៀបចំពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនាទី១១ របស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេសជាផ្លូវការហើយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ក្នុងឱកាសនោះ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តជួយអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះ៖ «លោក ដូមីនិក រ៉ាអាប់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត កូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុនិងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៉ីនធឺរណែត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល, នៅក្នុងពិធីប្រគល់ឋានៈ លោក ដូមីនិក រ៉ាអាប់ បានអះអាងថា ចក្រភពអង់គ្លេស ជាប្រទេសទី១ ដែលត្រូវបានផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ានក្នុងរយៈពេលម២៥ឆ្នាំមកនេះ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ និងបំណងប្រាថ្នារួម សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។
លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសព្រុយណេដារ៉ូស្សាឡាម ដែលជាប្រធានអាស៊ាន បានស្វាគមន៍ចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន និងការប្តេជ្ញាចិត្តរបស់អង់គ្លេស ដើម្បីទទួលបានផលប្រយោជន៍មុតមាំ និងទៅវិញទៅមក ពីភាពជាដៃជាមួយអាស៊ាន។
សូមជម្រាបថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្ដីការបរទេសអាស៊ានទាំងអស់ បានឯកភាពផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន។
ចាប់តាំងពីដាក់ចេញនយោបាយ និងការចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែមករា ឆ្នាំ២០២០ ចក្រភពអង់គ្លេស បានខិតពង្រីកការទូត និងឥទ្ធិពលរបស់ខ្លួន នៅទូទាំងសកលលោក។ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៨, ដំណើរទស្សនកិច្ចរបស់ លោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ឆ្នាំ២០១៩ និងដំណើរទស្សនកិច្ចរបស់ លោក ដូមីនិក រ៉ាអាប់ កាលពីខែមិថុនា ឆ្នាំ២០២១ ចក្រភពអង់គ្លេសបានបញ្ចុះបញ្ចូល និងស្នើជាបន្តបន្ទាប់ឱ្យកម្ពុជា គាំទ្រខ្លួនដើម្បីធ្វើជាដៃគូសន្ទនារបស់អាស៊ាន។
ដោយនឹងកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការធ្វើជាសន្ទនាជាមួយអាស៊ាន។ ការបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងជំនួបទ្វេភាគីជាមួយ លោក ដូមីនិក រ៉ាអាប់ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលប្រមុខការទូតអង់គ្លេសមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។
តាមរយៈសារអបអរសាទរដល់ការក្លាយជាដៃគូសន្ទនារបស់អាស៊ានេះ ភារធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា Marc Thayre បានចាត់ទុកថា ភាពដៃគូសន្ទនាទី១១ របស់អាស៊ានគឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងការចូលរួមកាន់តែជិតស្និទរបស់ចក្រភពអង់គ្លេសជាមួយនឹងសមាជិកក្នុងតំបន់។ ភារធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានបញ្ជាក់ថា៖ «យើងនឹងបន្តធ្វើការជាមួយប្រទេសកម្ពុជានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២»។
រហូតមកដល់បច្ចុប្បន្នអាស៊ាន មានដៃគូសន្ទនាចំនួន ១១ប្រទេស រួមមាន៖ អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលហ្សេឡង់, រុស្ស៉ី, សហរដ្ឋអាមេរិក និងអង់គ្លេសចុងក្រោយនេះតែម្តង៕